សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ទុកពេល នៅត្រឹម ២៤ម៉ោង គឺកំណត់ត្រឹមម៉ោង ១០៖០០នាទីព្រឹកថ្ងៃ១៣កុម្ភៈ ២០២៣ ឱ្យ VOD សុំទោសជាសាធារណៈ ខណៈស្ថាប័នព័ត៌មាននេះកំពុងប្រមូលឯកសារ

អត្ថបទដោយ៖
CPA

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗ និងទុកពេលឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី(VOD) ២៤ម៉ោង ធ្វើការសុំទោសជាសាធារណៈ ដើម្បីបញ្ចប់ការភាន់ច្រឡំពាក់ព័ន្ធការចុះផ្សាយថាឯកឧត្តម ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួសឱ្យឪពុកក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដី។ ពាក់ព័ន្ធបញ្ហានេះ ប្រធានផ្នែកផ្សព្វផ្សាយនៃស្ថាប័ន VOD បានប្រាប់ថាខ្លួនកំពុងប្រមូលព័ត៌មាន ដើម្បីឆ្លើយតបនឹងករណីនេះ។

ការប្រតិកម្មរបស់សម្តេចនាយករដ្ឋមន្រ្តីនាពេលនេះ បន្ទាប់ពីសារព័ត៌មាន VOD កាលពីថ្ងៃទី ០៩ ខែកុម្ភៈនេះ បានចេញផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «មន្ត្រីរដ្ឋាភិបាលថា ការដែលឯកឧត្តម ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។ ក្នុងអត្ថបទនេះលើកឡើងបន្តថា ៖«មន្ត្រីរដ្ឋាភិបាលថា ការដែលសម្តេច ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គងទេ ដោយសារសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ រីឯអ្នកឃ្លាំមើលយល់ថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រី គួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន»។

ឆ្លើយតបទៅនឹងការចុះផ្សាយនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី ១១ ខែកុម្ភៈនេះថា ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVOD មិនត្រឹមតែលើ ឯកឧត្តម ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាល ទាំងមូលលើការគ្រប់គ្រងថវិកាជាតិ។ សម្តេចបានសង្កត់ធ្ងន់ថា៖« តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឱ្យសុំទោសជាសាធារណៈ
រយៈពេល ៧២ ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផងនិងសុំទោសហ៊ុន ម៉ាណែត ផង»។
ជាមួយគ្នានោះសម្តេច បានណែនាំឱ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយVODព្រមជាមួយគ្នាឯកឧត្តម គី តិចប្រធានមេធាវីរាជរដ្ឋាភិបាល ត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសុំ
ទោស ។ សម្តេចថា៖«យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិង ត្រឹមត្រូវរបស់យើងនោះឡើយ។
សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។ មិត្តភក្តិបរទេសឬសង្គមស៊ីវិលមុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់»។

បន្ថែមពីនេះសម្តេច ហ៊ុន សែន បានរំឮកនូវពាក្យដាស់តឿនរបស់លោកសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ ១៤ខែ មករា ២០២៣ កន្លងទៅនៅក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានថា៖« អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត»។

ពាក់ព័ន្ធការគ្រប់គ្រងថវិកាជាតិវិញសម្តេចឱ្យដឹងថា៖« ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួម និងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសទួរគី។ ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។
ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ ដឹកនាំ ផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិឬមកលូកលាន់កិច្ចការ នេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន»។

សម្តេចបន្តថា៖« សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទីមួយគឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន ព្រឹកថ្ងៃ៨ កុម្ភៈ ម៉ោង៦ និង ៥៦នាទី ។ បញ្ជាខ្ញុំឱ្យប្រកាស១០ ម៉ឺនដុល្លារ ម៉ោង ៧និង ១២ នាទីនិងបញ្ជូនសំណេរទាំងពីរជូន ឯកឧត្តម អូន ពន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង៧ និង១៨នាទី នៅព្រឹកថ្ងៃ ៨ កុម្ភៈ ២០២៣ដូចគ្នា»។

ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីថ្ងៃទី១១ខែកុម្ភៈ ក៏បានស្នើឱ្យសារព័ត៌មានវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) បង្ហាញឯកសារដែលចុះផ្សាយថា លោកជាអ្នក ចុះហត្ថលេខាជំនួសឱ្យសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដី។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី ១១ ខែកុម្ភៈនេះថា៖«ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebook តាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារព័ត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជានិងការទទួលខុសត្រូវ»។

ឯកឧត្តមបន្តថា៖«ខ្ញុំសុំឱ្យវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ»។

ឯកឧត្តមបន្តថា៖« ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់។ បើ VOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលព័ត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។ ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ»។

ពាក់ព័ន្ធបញ្ហានេះ លោក អ៊ិត សូធឿត ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានថ្លែងប្រាប់ថា ខណៈពេលនេះក្រុមការងារកំពុងសិក្សា និងប្រមូលព័ត៌មានពាក់ព័ន្ធករណីនេះ។ លោកឱ្យដឹងថា៖«ពេលនេះសូមអត់ទាន់ឆ្លើយ ដោយសារយើងកំពុងសិក្សាពីករណីនេះ នៅឡើយទេយើងកំពុងប្រមូលព័ត៌មាន ជជែកពិភាក្សាគ្នា ដើម្បីថាតើនឹងឆ្លើយតបយ៉ាងម៉េច»។

ចំណែកកញ្ញា ប៉ា សុខេង អ្នកសារព័ត៌មានប្រចាំស្ថាប័ន VOD ដែលបានសរសេរអត្ថបទនេះ បានថ្លែងប្រាប់នៅថ្ងៃទី១១ ខែកុម្ភៈនេះថា ៖«ចាស សូម អរគុណសម្រាប់ព័ត៌មានបង, ខ្ញុំសរសេរតាមការបញ្ជាក់ពីប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកពូ ផៃ ស៊ីផាន ប៉ុណ្ណោះ។ យ៉ាងណា ខ្ញុំនឹងរង់ចាំពិភាក្សាពីខាងស្ថាប័ន តើគាត់នឹងធ្វើយ៉ាងណាបន្ត»។

ឯកឧត្តម ផៃ ស៊ីផាន ប្រធាន អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងប្រាប់នៅថ្ងៃទី ១២ ខែកុម្ភៈថា ៖«ខ្ញុំអត់បាននិយាយមួយម៉ាត់ទាល់តែសោះ។ ឱ្យគេ(វីអូឌី) រកភត្តុតាងមកដែលនិយាយថាឯកឧត្តម ហ៊ុន ម៉ាណែត បានចុះហត្ថលេខា »។
ពាក់ព័ន្ធបញ្ហានេះដែរ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ បានចេញសេចក្តីថ្លងការណ៍ ដោយគូសបញ្ជាក់ថា៖«ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មិនបាន ចុះហត្ថលេខាលើឯកសារ ផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី ដែលបាននិងកំពុងរងគ្រោះរញ្ជួយដី ជំនួសសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចការប្រឌិតផ្សព្វផ្សាយរបស់វិទ្យុ សំឡេងប្រជាធិបតេយ្យ (VOD)នោះឡើយ»។ ប្រភពដដែរបន្តថាជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី០៨ ខ កុម្ភៈ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏មិនដែលបានលើកឡើងថាឯកឧត្តម ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួស សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឡើយ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា៖‍«ព័ត៌មានទាំងឡាយដែលថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើឯកសារផ្ដល់ជំនួយជាការលើកឡើងរបស់អ្នកកាសែត ដែលគ្មានប្រភពព័ត៌មានពិតប្រាកដ។ ដូចនេះ ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) គឺជាព័ត៌មានចចាមអារ៉ាម និងជាព័ត៌មានប្រឌិតក្លែងក្លាយ ដែលបំផុសឡើងដោយអ្នកសារព័ត៌មានវិទ្យុនេះតែប៉ុណ្ណោះ»។

ជាមួយគ្នានេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងសារព័ត៌មានផ្សេងទៀតដែលធ្វើការផ្សព្វផ្សាយ ឬបន្តដោយធ្វើការប្រឌិតបំផ្លើសការពិតនោះសូមធ្វើការកែតម្រូវជាបន្ទាន់។
តាមរយៈការបង្ហោះសាររបស់សម្តេចនាយករដ្ឋមន្រ្តីនេះដែរ ក៏មានគណនីហ្វេសប៊ុកមួយ Min Pov ដែលជាអតីតអ្នកសារព័ត៌មាននៅវីអូឌីមួយរួប បានចូលទៅបញ្ចេញមតិថា ៖«វីអូឌី ជាស្ថាប័នសំខាន់មួយក្នុងការផ្តល់ព័ត៌មាន ហើយក៏ជួយរដ្ឋាភិបាលអោយដឹងបន្ថែមជ្រុងមួយទៀតនៃសង្គមដែរ។ បើសង្ស័យមានការយល់ច្រឡំគួរអង្គុយតុជុំគ្នាជជែកគ្នាសិនទៅ មិនគួរឈានដល់កំណត់ម៉ោងអោយសុំទោសចឹងទេ ពូ»។

សម្តេច ហ៊ុន សែន បានឆ្លើយតបទៅនឹងខំមិននោះថា៖‍ «ខ្ញុំទុកពេលឱ្យ ២៤ម៉ោង វាលើសពីគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដែលរួមបញ្ចូលទាំងធ្វើការជាមួយក្រសួងព័ត៌មានដែលនោះជាការអង្គុយជុំគ្នាដូចលោកចង់បានហើយ។ តើលោកចេះអាននិងយល់ខ្លឹមសារនេះទេ?ឬ មួយលោកចង់ឱ្យខ្ញុំចេញបញ្ជាទៅក្រសួងព័ត៌មានដើម្បីដកអាជ្ញាបណ័បញ្ឈប់ការផ្សព្វផ្សាយនូវវិទ្យនេះក្នុងប៉ុន្មានខាងមុខនេះ?

សូមលោកឆ្លើយតបជាមួយសំណួរខ្ញុំតើទុកពេលជូនឬបិទវិទ្យុចោលតែម្តង»។

សូមជម្រាបថា កាលពីថ្ងៃទី ៨ ខែកុម្ភៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន ផ្តល់ជំនួយ មនុស្សធម៌ ១សែន ដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដល់ជនរងគ្រោះ តួកគី ជាមួយនឹង សមានចិត្ត ចូលរួមរំលែកទុក្ខ ចំពោះ សោកនាដកម្ម ដែលកើតឡើង ដោយគ្រោះរញ្ជួយដី ក្នុងប្រទេស នេះ ពីថ្ងៃទី៦ កុម្ភៈ ៕ ឡាយ សាមាន

ads banner