ប្រកាសសមាសភាពក្រុមការងារចុះជួយឃុំពងទឹក ស្រុករំដួលចំនួន១៩រូប បន្ថែមទៀត ដើម្បីត្រៀមលក្ខណៈសម្បត្តិយកជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

(ស្វាយរៀង)៖ ឯកឧត្តមចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលនិង ប្រគល់សេចក្តីសម្រេចជូន លោក លោកស្រី ជា អនុប្រធាន និង សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ចំនួន១៩រូបបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខនេះ។

ឯកឧត្តម ចាន់ កុលបុត្រ ក៏បានណែនាំដល់ក្រុមការងារនិងសមាជិកបក្សទាំងអស់ ត្រូវរួមគ្នាសម្រួចឆន្ទៈ ប្តេជ្ញាបម្រើបក្ស បម្រើផលប្រយោជន៍ប្រជាជន ដោយភាពស្មោះត្រង់បំផុត ព្រមទាំងមានឧត្តមគតិស្មោះត្រង់អស់ពីចិត្តពីថ្លើមចំពោះគណបក្ស បន្តអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់ គណបក្សប្រជាជនកម្ពុជា និងអនុវត្តឱ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ព្រមទាំងកម្មវិធីគោលនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់នូវតួនាទី គោលជំហរស្មារតីសតិអារម្មណ៍ ស្នេហាជាតិ មាតុភូមិនិងប្រជាជន។

ឯកឧត្តមបានបន្តថា សមាជិកបក្សត្រូវប្ដេជ្ញាចូលរួមថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានារបស់សង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ បន្ថែមលើសពីនេះសមាជិកបក្សទាំងអស់ត្រូវបបន្តធ្វើអំពើល្អ ពង្រឹងចាស់ ពង្រីកថ្មី រួមគ្នាឱ្យបានសកម្មថែមទៀត ក្នុងស្មារតីការពារទប់ស្កាត់ចលនាបំផុសបំផុល ការធ្វើបដិវត្តន៍ពណ៌ សំដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវធ្វើសកម្មភាព ឱ្យបានគ្រប់បែបយ៉ាង ដើម្បីបម្រើគណបក្ស និងផលប្រយោជន៍ប្រជាជនប្រកបដោយនិរន្តរភាព នៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់រាល់ការបោះឆ្នោតទាំងអស់។

ព្រមជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យបន្ថែមទៀត ជាពិសេសត្រូវពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានតម្លាភាពនិងគណនីយភាព ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាផងដែរ ៕ ដោយ ៖ នុត នាង

ads banner