រដ្ឋាភិបាលនឹងចំណាយថវិកា៤៦៥លានដុល្លារ លើកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនគ្រួសារក្រីក្រនៅឆ្នាំនេះ
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តដាក់ឱ្យដំណើរការកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជាជាបន្តទៀត។សម្រាប់ឆ្នាំ២០២៣នេះ រដ្ឋាភិបាល គ្រោងចំណាយថវិកាប្រមាណ ៤៦៥ លាន ដុល្លារអាមេរិក សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។នេះបើតាម ការលើក ឡើង របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ថ្លែងក្នុងពិធីបើកសប្តាហ៍គាំពារសង្គម ឆ្នាំ២០២៣ នាសណ្ឋាគារ សុខារ៉េស៊ីដង់ ភ្នំពេញកាលព្រឹកថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា សប្តាហ៍គាំពារសង្គម ឆ្នាំ២០២៣ ត្រូវប្រកាសដាក់ឱ្យដំណើរការចាប់ពីពេលនេះតទៅ ខណៈសម្រាប់ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការអនុវត្តន៍ប្រព័ន្ធគាំពារ សង្គមទាំងមូលឱ្យកាន់តែល្អប្រសើរ បើទោះបីជា កម្ពុជារងសម្ពាធ នៅការឡើងថ្លៃទំនិញ និងភាពមិនប្រាកដប្រជាជាច្រើនដូចបណ្តា ប្រទេសជាច្រើននៅលើពិភពលោកក្តី។
ឯកឧត្តមបន្តថា ៖«រាជរដ្ឋាភិបាល បានសម្រេចបន្តអនុវត្តន៍កម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២៣ គឺដើម្បីជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងដំណាក់កាលនៃស្តារជីវភាពគ្រួសារឡើងវិញ»។សម្រាប់ឆ្នាំ២០២៣នេះ រដ្ឋាភិបាលគ្រោងចំណាយ ថវិកាប្រមាណ ៤៦៥លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។
ឯកឧត្តម អូនព័ន្ធ មុន្នីរ័ត្ន បន្តថា៖ក្រុមប្រឹក្សាជាតិគាំពារសង្គម កំពុង រៀបចំក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមសម្រាប់ឆ្នាំ២០១៦-២០២៥ ឱ្យកាន់តែមានភាពល្អប្រសើរ ដែលផ្តោតលើធាតុផ្សំសំខាន់ៗចំនួន៥ ជាអាទិ៍ ១.ការគិតគូរពង្រីកវិសាលភាពជាតិសម្រាប់ជំនួយសង្គម និង របបសន្តិសុខសង្គមជាជំហ៊ានៗ ដោយផ្អែកលើភាពទ្រទ្រង់បានថវិការដ្ឋ និងថវិកាវិភាគទាន ,២. ការធ្វើស្ថាប័ននូបនីយកម្មយន្តការឆ្លើយ តបគ្រោះ អាសន្ន ៣.ការធ្វើឌីជីលូបនីយកម្មនូវនិតិវិធីអនុវត្តន៍ ៤.ការពង្រឹងយន្តការ តាមដាននិងវាយតម្លៃ និងទី៥.ការពង្រឹងយន្តការបញ្ជ្រាបចំណេះដឹង ទំនាក់ទំនងសារធារណៈ ទំនាក់ទំនងរវាងស្ថាប័ន និងការផ្សព្វផ្សាយ។ ប្រឹក្សាជាតិគាំពារសង្គម ក៏បានកំពុងរៀបចំឯកសារគោលនយោបាយ មួយចំនួនទៀតរួមមាន៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្រប់ដណ្តប់ សុខភាពជាសកល, ផែនការយុទ្ធសាស្រ្តស្តីពីការពង្រឹងចុះបញ្ជីររបប សន្តិសុខសង្គម, កម្មវិធីជាតិជំនួយសង្គមក្នុងក្របខ័ណ្ឌកញ្ចប់គ្រួសារ, និងក្របខ័ណ្ឌកិច្ចគាំពារសង្គមដើម្បីឆ្លើយតបនឹងគ្រោះអាសន្នជាដើម។
ដើម្បីឱ្យការអនុវត្តប្រព័ន្ធគាំពារសង្គមមានប្រសិទ្ធភាព ប្រធានក្រុមប្រឹក្សា ជាតិគាំពារសង្គមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានលើក ទឹកចិត្តឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ចូលរួមបញ្ចេញ យោបល់លើគោលនយោបាយប្រព័ន្ធគាំពារសង្គម និងកម្មវិធីជាតិជំនួយ សង្គមណាមួយនៅកម្ពុដើម្បីជាត្រីវិស័យស្ថាបនាប្រព័ន្ធនេះឱ្យកាន់តែមានប្រសិទ្ធភាព ចីរភាព សមធម៌ និងបរិយាប័ន្ន។
ឯកឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក៏បានបង្ហាញក្តីរីករាយ និងយល់ថា៖« កម្មវិធីនេះនឹង បាន រួមចំណែកក្នុងការធ្វើឱ្យសម្រេចបាននូវគោលនយោបាយរួមរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព សំដៅកាត់បន្ថយភាព ក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ពោលគឺជួយពន្លឿន កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
គួរបញ្ជាក់ថា បើតាមក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ត្រូវបានអនុវត្តអស់រយៈពេល៣១ខែរួចមកហើយ ដែលបាន ជួយឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណជាង៧០ម៉ឺនគ្រួសារ ដែលមានសមាជិកប្រមាណ២.៧លាននាក់ នៅទូទាំងប្រទេស ដោយបានប្រើប្រាស់ថវិកាជាតិសរុប៩៣២លានដុល្លារ។គ្រួសារដែលងាយរងហានិភ័យដែលមានជីវភាពក្បែរបន្ទាប់ភាពក្រីក្រ ក៏បានគិតគូរផងដែរ ដោយរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គមជា សាច់ប្រាក់ក្នុងអំឡុងនៃការរងសំពាធអតិផរណា និងការរងផលប៉ះពាល់ ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ ដើម្បីជួយរក្សាលំនឹងជីវភាពរបស់ពួកគាត់៕
ដោយ៖ សែម ពិសី