មន្ត្រីកាកបាទក្រហមកម្ពុជា សំណេះសំណាល និងពិនិត្យផ្ទៃពោះជូនស្ត្រី ជាមាតា ចំនួន៧៥នាក់ នៅមណ្ឌលសុខភាពពាមរាំង ស្រុកលើកដែក
កណ្ដាល៖ ដើម្បីអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”។ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល ដឹកនាំដោយ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍យុវជន កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកខេត្តកណ្តាល និងក្លឹបយុវជនកាកបាទក្រហមកម្ពុជានៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ព្រមទាំងមានការចូលរួមពីបុគ្គលិកពេទ្យ នៃមណ្ឌលសុខភាពស្រុកលើកដែក អាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីជួបសំណេះសំណាល និងពិនិត្យផ្ទៃពោះជូនស្ត្រីជាមាតា ចំនួន៧៥នាក់ នៅមណ្ឌលសុខភាពពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី១៥ ខែ កុម្ភះ ឆ្នាំ២០២៣។

ឯកឧត្តម ពិត ចំណាន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ស្ដ្រីជាម្ដាយទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃនាថ្ងៃនេះ។ ឯកឧត្តមបន្តថា “បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ បានស្ងប់ស្ងាត់មក កាកបាទក្រហមកម្ពុជា សហការជាមួយក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងមណ្ឌលសុខភាពស្រុកលើកដែក រៀបចំកម្មវិធីពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ ដោយប្រើប្រាស់ឧបករណ៍ស្តាប់ចង្វាក់បេះដូង និងម៉ាស៊ីនអេកូ
និងផ្សព្វផ្សាយសារអប់រំការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ដល់ស្រ្តីមានគភ៌ និងស្រ្តីទើបសម្រាលកូន និងអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ”។

ក្នុងនាមសមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា ឯកឧត្តម សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និងយុវជន កាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងបុគ្គលិកមណ្ឌលសុខភាពពាមរាំង អាជ្ញាធរមូលដ្ឋាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដែលបានចូលរួមកម្មវិធីនាពេលនេះ។
“ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ ណែនាំ ចង្អុលបង្ហាញ និងជំរុញ សាខាកាកបាទក្រហមកម្ពុជា ២៥ រាជធានី ខេត្ត និង ខិតខំធ្វើយ៉ាងណា បន្ដយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយ ណែនាំ ដល់ស្ដ្រីជាម្ដាយ ស្ដ្រីក្នុងវ័យបន្ដពូជ គិតគូរពីសុខភាពផ្ទាល់ខ្លួន គិតគូរពីកូនក្នុងផ្ទៃ ស្របតាមការណែនាំរបស់គ្រូពេទ្យជំនាញផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម បានអានសាររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ជូនបងប្អូនជនរួមជាតិមានខ្លឹមសារដូចខាងក្រោម៖
ទី១.សូមស្រ្តីមានផ្ទៃពោះទាំងអស់៖ ទៅពិនិត្យសុខភាព ឱ្យបានទៀងទាក់មុនពេលសម្រាល ទៅទទួលថ្នាំបង្ការជំងឺផ្សេងៗ ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្តាយទៅកូន។ ក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន ត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ និងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាម រហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
ទី២.សូមយុវតីឬស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ ទៅ ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់។

ទី៣.សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី៤.សូមគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ-អន្តរជាតិ បន្តវិនិយោគក្នុងការងារសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រដល់ការងារ បណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី បុគ្គលិ កសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ៕ ដោយ / គ្រី សម្បត្តិ