ត្រៀមលុយទុកការកូនសរុប ៨.៩០០ដុល្លារ នៅក្នុងផ្ទះ ត្រូវអគ្គិភ័យឆេះខ្ទេច
ភ្នំពេញ ៖ ផ្ទះប្រជាលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះរងការខូចខាត ដោយបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា តែសំណាងអាក្រក់លុយទុកត្រៀមឱ្យថ្លៃបណ្ណាការកូនស្រីសរុប ៨.៩០០ដុល្លារត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ នួន ភារុណ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មេជាងសំណង់ មានប្រពន្ធឈ្មោះ ម្លូ រក្សា អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ មានកូនចំនួន៣នាក់ រស់នៅផ្ទះកើតហេតុខាងលើ ។ ផ្ទះកើតហេតុសង់ពីថ្ម ប្រក់ស័ង្កសី ផ្ទាល់ដី ទំហំ៥ម៉ែត្រx៨ម៉ែត្រ ខូចខាតសម្ភារមានគ្រែ ពូក ខ្នើយ ខោអាវ លុយចំនួន ៨.៩០០ដុល្លារទុកបម្រុងត្រៀមឱ្យថ្លៃបណ្ណាការកូនស្រី ដែលដាក់ក្រោមពូក ត្រូវបានភ្លើងឆេះអស់រលីង សល់តែគ្រឿងអលង្ការដាក់នៅក្នុងទូផ្សេងទៀត មិនបានបាត់បង់ខូចខាតឡើយ ។
បេីតាមការយំរៀបរាប់ពីស្ត្រីរងគ្រោះបានឱ្យដឹងថា គាត់បានចូលស្តីដណ្តឹងកូនស្រីគេ ហើយបានត្រៀមលុយថ្លៃបណ្ណាការនៅល្ងាចថ្ងៃនេះផង ឥឡូវត្រូវបានភ្លើងឆេះអស់លុយបណ្ណាការរលីង ។
ប្រជាពលរដ្ឋអ្នករស់នៅក្បែរខាងវិញបានឱ្យដឹងថា មុនកើតហេតុម្ចាស់ផ្ទះមិនបាននៅផ្ទះទេ ដោយចាក់សោទុកចោល ស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះទើបផ្អើលអ្នកភូមិនាំគ្នាជួយគាស់បើកទ្វារក្រោយ គាស់ដំបូលចូលបាញ់ទឹកពន្លត់ភ្លើងរលត់ទៅវិញហើយទើបម្ចាស់ទៅដល់ស្រែកទ្រហោយំ ស្លន់ស្លោ ហើយសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានទៅដល់ជួយបាញ់ទឹកបន្ថែមទៀត ។
តាមការពិនិត្យជាក់ស្តែង គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេខ្សែកង្ហារ ដែលម្ចាស់ដោតទុកចោលក្នុងបន្ទប់ទើបភ្លើងឆេះរាលអស់សម្ភារ លុយកាក់ក្នុងបន្ទប់ ចំណែកគ្រឿងអលង្ការដាក់នៅក្នុងទូផ្សេង មិនបានបាត់បង់ឡើយ ៕ ដោយ៖ ភារ៉ា និងប៊ុនធី
