អាល្លឺម៉ង់នឹងបញ្ជូនរថក្រោះចំនួនពាក់កណ្តាលទៅឱ្យអ៊ុយក្រែន
ព្រុចសែល៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃពុធសប្តាហ៍ បានបញ្ជាក់ថា កងវរសេនាតូចពាក់កណ្តាលនៃរថក្រោះខ្លារខិន Leopard 2 នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលសម្ព័ន្ធមិត្តរបស់អង្គការណាតូប្រឹងប្រែងជំនះឧបសគ្គ ក្នុងប្រមែប្រមូលរថក្រោះធុនធ្ងន់ដែលបានសន្យាដល់ទីក្រុងកៀវ។
រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបាននិយាយកាលពីចុងខែមុនថា ខ្លួនមានបំណងបញ្ជូនរថក្រោះប្រយុទ្ធប្រហែល៣០គ្រឿង ដើម្បីជួយកងកម្លាំងអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី បន្ទាប់ពីមានសម្ពាធពីទីក្រុងកៀវ និងអ្នកគាំទ្ររបស់ខ្លួន ឱ្យបើកភ្លើងខៀវដល់ការផ្គត់ផ្គង់។
ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរៀស បាននិយាយបន្ទាប់ពីកិច្ចប្រជុំមួយរបស់អ្នកគាំទ្រអ៊ុយក្រែននៅទីក្រុងប្រ៊ុចសែលថា រហូតមកដល់ពេលនេះ ខ្លួនប្រមូលរថក្រោះ A6 ប្រភេទ Leopard ថ្មីបានជាង១៤គ្រឿង និង៣គ្រឿងទៀតមកពីប្រទេសព័រទុយហ្គាល់ប៉ុណ្ណោះ។
លោក ភីស្តូរៀស និយាយថា ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា យើងមិនទាន់ឈានដល់ការបញ្ជូនកងវរសេនាតូចពេញលេញទេ… ប៉ុន្តែវានឹងមានពាក់កណ្តាលសិន។ លោកថា សម្រាប់រថក្រោះ Leopard អាល្លឺម៉ង់… ខ្ញុំចង់និយាយម្តងទៀតថា រថក្រោះរបស់យើងនឹងត្រូវបានចែកចាយនៅសប្តាហ៍ចុងក្រោយនៃខែមីនាខាងមុខ ដែលនោះជារឿងប្រាកដណាស់។
លោកបន្ថែមថា ការពិភាក្សាបន្ថែមទៀតនឹងធ្វើឡើងជាមួយអ្នកផ្តល់ជំនួយដែលមានសក្តានុពលនៅចុងសប្តាហ៍នេះ។
ដោយឡែកប៉ូឡូញក៏បានប្តេជ្ញាបញ្ជូនកងវរសេនាតូចនៃរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែនផងដែរ ហើយបច្ចុប្បន្នកំពុងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនដើម្បីប្រើប្រាស់វា។ ចំណែកកាណាដាបានបញ្ជូនរថក្រោះ Leopard ជាច្រើនគ្រឿងរួចហើយ ហើយន័រវេសក៏បានសន្យាផ្តល់ឱ្យចំនួន៨បន្ថែមទៀតផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា


