កូរ៉េខាងត្បូង៖ ស្ថានភាពកង្វះស្បៀងអាហារនៅកូរ៉េខាងជើង ហាក់កាន់តែ ធ្ងន់ ធ្ងរទៅៗ
សេអ៊ូល៖ កូរ៉េខាងត្បូងលើកឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈថា ស្ថានភាពវិបត្តិ ស្បៀងអាហារនៅកូរ៉េខាងជើង ហាក់កាន់តែធ្ងន់ធ្ងរទៅៗ ខណៈដែលកាសែត មួយបានរាយការណ៍ថា វាគឺជាលើកទីមួយហើយដែលកូរ៉េខាងជើងបាន សម្រេចកាត់បន្ថយអាហារូបត្ថម្ភដល់ទាហានរបស់ខ្លួនក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។
យោងតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េ ខាង ជើងបានទទួលស្គាល់ថា ខ្លួនកំពុងជួបបញ្ហាខ្វះខាតស្បៀងអាហារ យ៉ាង ធ្ងន់ធ្ងរ។ ការថ្លែងរបស់ក្រសួងបែបនេះ គឺបានយោងទៅលើរបាយការណ៍ របស់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង អំពីផែនការសម្រាប់កិច្ចប្រជុំ គណបក្ស កាន់អំណាចបន្ទាន់មួយនៅក្នុងខែនេះ ស្តីពីវិស័យកសិកម្ម។
ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងដែលធ្វើការពាក់ព័ន្ធនឹងការគ្រប់គ្រងទំនាក់ទំនងជាមួយកូរ៉េខាងជើង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ មួយ ថា «ស្ថានភាពស្បៀងរបស់កូរ៉េខាងជើងហាក់ដូចជាកាន់តែយ៉ាប់ យ៉ឺន ទៅៗ»។
គួរដឹងដែរថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ កូរ៉េខាងជើងបានទទួល រង នូវវិបត្តិខ្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ រួមទាំងគ្រោះទុរ្ភិក្សកាលពីទសវត្សរ៍ ឆ្នាំ១៩៩០ ដែលជារឿយៗ វាជាលទ្ធផលនៃគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ជាដើម ដែលបានបំផ្លាញទិន្នផលកសិកម្មអស់គ្មានសល់។
ប្រទេសដ៏ឯកោមួយនេះ ជាប្រទេសដែលកំពុងស្ថិតនៅក្រោមការដាក់ ទណ្ឌកម្ម អន្តរជាតិយ៉ាងតឹងរ៉ឹងបំផុត ជាពិសេសជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មតាមព្រំដែនស្ទើរតែគ្មានសកម្មភាពអ្វីសោះឡើយ ដោយសារតែ ការបិទច្រកព្រំដែនក្នុងគោលបំណងការពារការរីករាលដាលនៃជំងឺកូវីដ១៩។
កាលពីថ្ងៃពុធ កាសែតរបស់កូរ៉េខាងត្បូងមួយឈ្មោះថា DongA Ilbo បានរាយការណ៍ថា វាគឺជាលើកដំបូងហើយដែលប្រទេសកូរ៉េខាងជើងបាន កាត់បន្ថយ អាហារប្រចាំថ្ងៃដល់ទាហានរបស់ខ្លួនរាប់ចាប់តាំងពីឆ្នាំ ២០០០ មក។ នេះបើយោងតាមការដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងដោយ មិនបញ្ចេញអត្តសញ្ញាណមួយរូប។
ក្រសួងបង្រួបបង្រួមបានបន្ថែមថា ខ្លួនមិនអាចបញ្ជាក់ព័ត៌មានលម្អិតនៃ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនោះបានទេ ប៉ុន្តែខ្លួន និងភ្នាក់ងារផ្សេង ទៀតកំពុងតាមដានស្ថានភាពមួយនេះយ៉ាងយកចិត្តទុកដាក់។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងឈ្មោះថា KCNA បានរាយការណ៍ថា គណបក្សពលករកូរ៉េបានកោះប្រជុំ គណៈកម្មា ធិការ កណ្តាលរបស់បក្សនៅចុងខែកុម្ភៈ ដើម្បីពិភាក្សាអំពីកិច្ចការដ៏សំខាន់ និងបន្ទាន់បំផុតមួយ នោះគឺការបង្កើតយុទ្ធសាស្ត្រឱ្យបានត្រឹមត្រូវសម្រាប់ ការអភិវឌ្ឍ វិស័យកសិកម្មរបស់កូរ៉េខាងជើង។
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានបញ្ជាក់ថា វាជារឿងមួយដែលកម្រ នឹង កើតមានឡើងណាស់ សម្រាប់កូរ៉េខាងជើងដែលបានកោះហៅប្រជុំពិសេស បែបនេះ។ កាលពីខែមុន ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅសហរដ្ឋ អាមេរិក បានលើកឡើងថា «បរិមាណស្បៀងអាហាររបស់កូរ៉េខាងជើងទំនង ជាបានធ្លាក់ចុះនៅកម្រិតទាបបំផុត បើធៀបទៅនឹងតម្រូវការរបស់ចំនួន មនុស្ស ជាក់ស្ដែង»។
ក្រុមអ្នកឃ្លាំមើលដដែលបានបន្តថា បញ្ហាអសន្តិសុខស្បៀង គឺជារឿង ដ៏ អាក្រក់បំផុត រាប់ចាប់តាំងពីគ្រោះទុរ្ភិក្សកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងលោក Kwon Young-se បានឱ្យដឹងថា នាពេលថ្មីៗនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងពី កូនស្រី របស់ មេដឹកនាំលោក គីម ជុងអ៊ុន (Kim Jong-un) បាននឹងកំពុង លេចមុខមាត់ខ្លាំងក្នុងមុខងាររាជការ ហាក់ដូចជាកំពុងមានបំណងបង្រួប បង្រួម ការឯកភាពជាតិ និងបង្កើនភាពស្មោះត្រង់ចំពោះគ្រួសារដែល កំពុង កាន់អំណាចពីសំណាក់ប្រជាពលរដ្ឋ ចំពេលដែលវិបត្តិមនុស្សធម៌កាន់តែ ដុន ដាបទៅៗ។
លោក Kwon បានថ្លែងនៅក្នុងសភាកូរ៉េខាងត្បូងថា ៖ «ស្ថានភាពស្បៀង អាហារ របស់ កូរ៉េខាងជើងហាក់ដូចជាមិនមានភាពល្អប្រសើរឡើងនោះទេ។ យើងកំពុងពិនិត្យមើលសញ្ញាមួយចំនួនបន្ថែមទៀត បើទោះបីជាយើង មើលទៅ មិនទាន់មានចរន្តនៃមនុស្សស្រេកឃ្លានដល់ថ្នាក់បាត់បង់ជីវិត ក៏ដោយ»។
លោក Kwon ក៏បានលើកឡើងផងដែរថា ប្រទេសកូរ៉េខាងជើងបាន ស្នើ សុំជំនួយពីទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ កម្មវិធី ស្បៀងអាហារពិភពលោក ប៉ុន្តែកិច្ចពិភាក្សាមិនដំណើរការទៅ មុខបានទេ ដោយសារតែភាពចម្រូងចម្រាសគ្នាលើការគ្រប់គ្រង និងត្រួតពិនិត្យ ជំនួយ ទាំងនោះ។ កម្មវិធីស្បៀងអាហារពិភពលោក ដែលបានជួយកូរ៉េខាងជើងក្នុង រយៈពេលប៉ុន្មានឆ្នាំមកនេះ មិនបានឆ្លើយតបភ្លាមៗចំពោះអ៊ីមែល ដែលបាន ផ្ញើ ទៅដើម្បីសុំការអត្ថាធិប្បាយនោះទេ៕
ដោយ៖ធា សុណា
ប្រភព៖ https://www.channelnewsasia.com/asia/north-korea-food-shortage-worsening-rations-soldiers-crisis-3279546