មន្ទីរបញ្ចកោណនឹងជួយទាហានស្ត្រី ឱ្យរំលូតកូន
វ៉ាស៊ីងតោន ឌីស៊ី៖ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកបានប្រកាសថា នឹងជួយទាហានជាស្ត្រី អាចរំលូតកូន ដោយមានកញ្ចប់អត្ថប្រយោជន៍ពិសេស ដោយគេដឹងថា កាលពីប៉ុន្មានសប្តាហ៍មុននេះ មានការតវ៉ារបស់ក្រុមសកម្មជនសិទ្ធិរំលូតកូន ជុំវិញរឿងនេះ។
មន្ត្រីយោធាអាមេរិកបានបង្ហាញអត្ថប្រយោជន៍ពិសេសសម្រាប់ក្រុមទាហានជាស្ត្រី ដែលចង់បញ្ចប់ការមានផ្ទៃពោះរបស់ពួកគេ ជាការបង្ហាញ ក្រោយពេលថ្មីនេះ មានក្រុមសកម្មជនសិទ្ធិ រំលូតកូនរាប់រយនាក់ ប្រមូលផ្តុំគ្នានៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយបញ្ជាក់ថា ‘រូបកាយរបស់ខ្ញុំ ជម្រើសរបស់ខ្ញុំ’។
មន្ទីរបញ្ចកោណបានចាត់វិធានការដើម្បីធានាថា កងទ័ពមានភាពងាយស្រួលក្នុងការរំលូតកូន ដោយផ្តល់ពេលវេលាសម្រាកគ្រប់គ្រាន់ និងការធ្វើដំណើរដែលផ្តល់មូលនិធិយ៉ាងពេញលេញសម្រាប់ទាហានដែលឈរជើងក្នុងរដ្ឋ ដែលធ្លាប់បានហាមឃាត់នីតិវិធីនេះ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក កាលពីឆ្នាំមុន ដែលគេហៅថា ការសម្រេចចិត្ត រ៉ូ វី វេដ (Roe v Wade) ។
មន្ត្រីក្រសួងការពារជាតិបានបង្ហាញអត្ថប្រយោជន៍ពិសេស កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ទាហានដែលត្រូវចេញពីរដ្ឋ សម្រាប់ការរំលូតកូន នឹងទទួលបានការឈប់សម្រាករហូតដល់បីសប្តាហ៍ និងប្រាក់ឧបត្ថម្ភដើម្បីរ៉ាប់រងថ្លៃធ្វើដំណើរទាំងអស់។ សាខាយោធាអាមេរិកមានពេល ៣០ ថ្ងៃ ដើម្បីអនុវត្តគោលនយោបាយថ្មី។
មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន មីលីធឺរី ថែមស៍ (Military Times) ថា សមាជិកទាហានមិនអាចគ្រប់គ្រងកន្លែងដែលពួកគេឈរជើងបានទេ ហើយគោលការណ៍ថ្មីត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានលើ “លទ្ធភាពទទួលបានការថែទាំសុខភាពសំខាន់ៗ” របស់ពួកគេ។
មន្ត្រីរូបនេះបានសម្តែងក្តីសង្ឃឹមថា ការផ្លាស់ប្តូរនេះ “នឹងជួយធានារយៈពេលវែងដែលយើងអាចជ្រើសរើស រក្សា និងរក្សាការត្រៀមខ្លួននៃកម្លាំង ដែលមានសមត្ថភាពខ្ពស់”៕ ប្រភពពី RT ប្រែសម្រួលដោយ៖ សារ៉ាត
