ប្រធានាធិបតីបារាំងប្រឆាំងនឹងការផ្លាស់ប្តូររបប នៅរុស្ស៊ី

. មុយនិច៖ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង (Macron) ប្រឆាំងនឹងការផ្លាស់ប្តូររបបក្នុងប្រទេសរុស្ស៊ី ជាការលើកឡើងអំឡុង «សន្និសីទសន្តិសុខមុយនិច ឆ្នាំ២០២៣» នៅឯប្រទេសអាល្លឺម៉ង់។

ប្រធានាធិបតីបារាំង លោក មែននូអែល ម៉ាក្រុង (Emmanuel Macron) មានប្រសាសន៍ថា មូលហេតុដើមនៃជម្លោះបច្ចុប្បន្ន នៅអ៊ុយក្រែន គឺថា ទាំងអឺរ៉ុប និងរុស្ស៊ី “មិនបានរំលាយ” ឱ្យបានត្រឹមត្រូវ នូវការបញ្ចប់នៃសង្គ្រាមត្រជាក់ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវាយតម្លៃឡើងវិញ នូវទំនាក់ទំនងរបស់អឺរ៉ុបជាមួយរដ្ឋបាលទីក្រុងម៉ូស្គូ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ម៉ាក្រុង បានកត់សម្គាល់ថា ពេលវេលាសម្រាប់កិច្ចសន្ទនាជាមួយរុស្ស៊ី មិនទាន់មកដល់ទេ ហើយអឺរ៉ុបចាំបាច់ត្រូវបន្តផ្តល់ការគាំទ្រ រួមទាំងជំនួយយោធាដល់អ៊ុយក្រែន និងរារាំងក្រុងម៉ូស្គូ ពីការទទួលបានជ័យជម្នះយោធា នៅលើសមរភូមិ។

ថ្លែងនៅក្នុងសន្និសិទសន្តិសុខទីក្រុង មុយនិច កាលពីថ្ងៃសុក្រ លោក ម៉ាក្រុង (Macron) បានផ្តល់ការទទួលយករបស់លោកលើ “ផ្នត់គំនិតរបស់រុស្ស៊ី” ដោយបញ្ជាក់ថា បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ទីក្រុងម៉ូស្គូ “មិនបានរំលាយចុងបញ្ចប់ នៃចក្រភពមួយ” ហើយបន្តរក្សាការអាក់អន់ចិត្ត និង “ការគិតមមៃ នៃអាណាចក្រភូមិសាស្រ្តនយោបាយ។

ទន្ទឹមនឹងនេះ លោក ម៉ាក្រុង បានទទួលស្គាល់ថា លោកខាងលិចក៏បានបរាជ័យក្នុងការស្វែងយល់ពីវិធីសាស្រ្តរបស់ខ្លួនឆ្ពោះទៅកាន់ទីក្រុងមូស្គូ ប៉ុន្តែបានកត់សម្គាល់ថា ការវាយតម្លៃ និងការតស៊ូមតិរបស់លោកលើបញ្ហានេះប្រហែលជាយឺតពេលហើយ។

មេដឹកនាំបារាំងរូបនេះបានបន្តថា លោកមិនជឿ «មួយវិនាទីក្នុងការផ្លាស់ប្ដូររបប» ដោយលើកហេតុផលថា វិធីសាស្ត្របែបនេះទំនងជាមិននាំឲ្យមានអ្វីវិជ្ជមាន ឬដោះស្រាយជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែនឡើយ។

«នៅពេលដែលខ្ញុំឮមនុស្សជាច្រើនតស៊ូមតិដើម្បីការផ្លាស់ប្តូររបប ខ្ញុំនឹងសួរពួកគេថា តើការផ្លាស់ប្តូរមួយណា? តើអ្នកណាបន្ទាប់? តើអ្នកណាជាអ្នកដឹកនាំរបស់អ្នក? តើធ្វើដូចម្តេចដើម្បីអនុវត្តវា? យើងបានជួបប្រទះជាច្រើនដងក្នុងមួយទសវត្សរ៍កន្លងទៅនៃការផ្លាស់ប្តូររបបក្នុងប្រទេសជាច្រើន។ វាជាការបរាជ័យទាំងស្រុង” នេះគឺជាអ្វីដែលលោកប្រធានាធិបតីបារាំង ម៉ាក្រុង លោក (Macron) បាននិយាយបន្ថែម នាពេលនោះ៕ ប្រភពពី RT ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner