មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ ត្រូវរួមគ្នាលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិកគ្រប់ប្រភេទនៅតាមគ្រឹះស្ថានសិក្សានិងសហគមន៍

អត្ថបទដោយ៖
CPA

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកុម្ភៈ បានរៀបចំកម្មវិធីប្រកួតវោហារស័ព្ទមួយ ដែលពិភាក្សាលើប្រធានបទស្តីពី ការលុបបំបាត់ការប្រើ ប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមដល់យុវជន ទាក់ទងនឹងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកនេះ។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ថ្វីត្បិតការលើលឡើងពីសំណាក់ក្រុមយុវជន ដែលបានចូលរួមប្រកួតប្រជែង នៅមានចំណុចខ្វះខាតមួយចំនួនក៏ពិតមែន ប៉ុន្តែតាមរយៈកម្មវិធីប្រកួតប្រជែងនេះ សបញ្ជាក់ឱ្យឃើញថា យុវជនយុវនារី បានយ ល់ដឹងច្រើនពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូវនិចគ្រប់ភេទ។

លោកជំទាវ បានបន្ថែមថា បើទោះបីជាក្រសួងអប់រំ ក៏ដូចជារាជរដ្ឋាភិបាល បាននិងកំពុងទប់ស្កាត់បញ្ហានេះក៏ដោយ តែគេនៅតែសង្កេតឃើញមានក្រុមឈ្មួញបានប្រើប្រាស់ បណ្តាញសង្គមមានតេលេក្រាម ហ្វេសបុក យូធូបក្នុងការផ្សព្វផ្សាយលក់និងការចែកចាយបារីអេឡិចត្រូនិកនេះ។

លោកជំទាវ សឿ សុជាតា បានបញ្ជាក់ដូច្នេះថា ៖ «ភាពទំនើបនៃបច្ចេកវិទ្យាទាំងអស់នេះហើយ ដែលធ្វើឱ្យយុវជនមួយចំនួនងាយនឹងប្រើប្រាស់នូវបារីអេឡិចត្រូនិកទាំងនោះ។ ដូច្នេះអ្នកពាក់ព័ន្ធជាពិសេសយុវជនត្រូវរួមគ្នាលុបបំបាត់បញ្ហានេះ តាមរយៈការអប់រំមិត្តភក្តិ និងអ្នកនៅជិតកុំឱ្យប្រើប្រាស់ប្រាស់ឧបករណ៍នេះ»។

លោកជំទាវបន្តថា ៖ «ខ្ញុំសូមផ្តាំផ្ញើដល់ក្មួយៗ និងលោកគ្រូអ្នកគ្រូទូទាំងប្រទេស សូមមេត្តាចូលរួមទាំងអស់គ្នា ក្នុងការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិកគ្រប់ប្រភេទទាំងអស់ នៅតាមគ្រឹះស្ថានសិក្សា និងក្នុងសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់យើង អាចមានការអភិ វឌ្ឍឆ្លើយតបទៅនឹងមហិច្ឆតាបាន»។

បើតាមការស្រាវជ្រាវរបស់បេក្ខជន ដែលបានចូលរួមប្រកួតបានលើកឡើងទៀតថា បារីអេឡិចត្រូនិចត្រូវបានឈ្មួញរចនាប្រកបដោយភាពច្នៃប្រឌិត ស៊ីវីល័យ និងទាក់ទាញ ដោយបង្ហាញពីរូបរាងស្អាតៗ តូចៗងាយស្រួលដាក់តាមខ្លួន ព្រមទាំងមានក្លិនក្រអូប និងរសជាតិប្លែកៗ ដូចជារសជាតិក្រូច ឳឡឹក ស្ត្របឺរី និងកាហ្វេជាដើម។

យុវជនទាំងនេះបានបញ្ជាក់ថា ៖‍ «ក្រុមអ្នកលក់បារីអេឡិចត្រូនិកបានផ្សព្វផ្សាយថា វាជាឧបករណ៍ផ្ដាច់បារីនិងគ្មានផលប៉ះពាល់ឡើយ ។ ជាមួយគ្នានោះ ក្រុមបេក្ខជនទាំងអស់បានស្នើសុំឱ្យ អាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការនាំចូល ការចែកចាយលក់ និងការផ្សព្វផ្សាយផលិតផលនេះ ជាពិសេសលុបបំបាត់ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមដើម្បីបង្ការយុវជនពីការអូសទាញឱ្យប្រើប្រាស់ផលិតផលដ៏គ្រោះថ្នាក់នេះ»។
កាលពីឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំមួយ ស្តីពីការចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល HTPs ដោយសារតែពិនិត្យឃើញថា ផលិតផល អេចឈ៍ ធី ភី (HIPs) បារីអេឡិចត្រូនិក (Electronic Nicotine Delivery System-EDNS) និងអេចឈ៍ ធី ភី (HTPs-Heated Tobacco Producte) ជាផលិតផលថ្នាំជក់ថ្មី ដែលត្រូវបានគេផលិតឡើង ដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ជាពិសេស ទាក់ទាញឲ្យមានការប្រើប្រាស់ក្នុងចំណោមយុវវ័យ។

វិធានការនោះមាន៣ចំណុច រួមមាន ការពង្រឹងការអនុវត្តសេចក្តីណែនាំ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការចាត់វិធានការបង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ បញ្ឈ ប់លែងឱ្យមានការប្រើប្រាស់ និងការធ្វើអាជីវកម្មផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូត និងរឹបអូសយកផលិតផលទាំងនោះមករក្សាទុក។

ការដកហូត់ និង រឹបអូសយកផលិតផល អេចឈ៍ ធី ភី (HTPs) មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម ស្របច្បាប់ផ្សេងទៀតជាដាច់ខាត។ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល អេចឈ៍ ធី ភី (HTPs) តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ នាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ។ គ្រប់ក្រសួង -ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើរបាយការណ៍ពីលទ្ធផលនៃការអនុវត្តខ្លឹមសារសេចក្តីណែនាំនេះ មកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធ្វើការបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល៕ វណ្ណ សុជាតា

ads banner