ក្រុមគ្រូពេទ្យស្ម័គ្ម្រចិត្តសហការជាមួយសមាគមហ្វាម៉ាស៊ីខ្មែរនៅប្រទេសបារាំង បានបង្កើត កម្មវិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកបាទី
តាកែវ៖ ប្រជាពលរដ្ឋរស់នៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហការជាមួយសមាគមហ្វាម៉ាស៊ីខ្មែរនៅប្រទេសបារាំង។ លោកជំទាវ រស់ សុភារ៉ាវី និងឯកឧត្តម កេតសោផាន់ សហប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈឯកឧត្តម ជា វ៉ាន់ដេត តំណាងរាស្រ្តខេត្តតាកែវ និងដោយមានទំនាក់ទំនងល្អជាមួយក្រុមគ្រូពេទ្យឱសថការីខ្មែរនៅប្រទេសបារាំង ទើបពេលនេះក្រុមគ្រូពេទ្យស្ម័គ្ម្រចិត្តសហការជាមួយសមាគមហ្វាម៉ាស៊ីខ្មែរនៅប្រទេសបារាំងចំនួនជាង៤០នាក់ បានអព្ជើាញមកដល់ប្រទេសកម្ពុជា ដើម្បីជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលពិធីនេះបានធ្វើឡើងនៅក្នុងវត្តអង្គរុន ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
លោកជំទាវ រស់ សុភារ៉ាវី និងឯកឧត្តម កេត សោផាន់ បានចាត់ទុកសកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ ដ៏មានតម្លៃឥតគណនា ព្រោះថាសុខភាពគឺជាជីវិត បើប្រជាពលរដ្ឋមានសុខភាពល្អ គឺគាត់មានលទ្ធភាពប្រកបការងារ ចិញ្ចឹមជីវិត បង្កើនេជីវភាពរស់នៅក្នុងក្រុមគ្រួសារបានល្អ តែបើសិនជាពួកគាត់មានបញ្ហាសុខភាព នោះពួកគាត់នឹងមានជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាមិនខាន។
ក្នុងនាមប្រជាពលរដ្ឋ ក្នុងឃុំ ត្រពាំងក្រសាំង និងប្រជាពលរដ្ឋក្នុងស្រុកបាទី ខេត្តតាកែវទាំងមូល លោកជំទាវ រស់ សុភារ៉ាវី និង ឯឧ កេត សោផាន់ សហប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំត្រពាំងក្រសាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមគ្រូពេទ្យស្ម័គ្ម្រចិត្ត ទាំងអស់មកពីប្រទេសបារាំង ដឹកនាំដោយលោក វេជ្ជបណ្ឌិត ឡោ គឺមសុង ប្រធានសមាគបគ្រូពេទ្យខ្មែរនៅប្រទេសបារាំង ដែលមានសណ្តានចិត្តមនុស្សធម៌ ដែលបានអញ្ចើញមកជួយពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំសង្កូវជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ គឺជាការចូលរួមលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែ ផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពប្រជាពលរដ្ឋជាការសំខាន់បំផុត។
តាមការឲ្យដឹងពីឯកឧត្តម កេត សុផាន់ គឺមានប្រជាពលរដ្ឋមកទទួលការពិនិត្យ និងព្យាលបាលនាពេលនេះ មានអ្នកពិនិត្យជំងឺទូទៅ ចំនួន៧៩០នាក់ ព្យាបាលធ្មេញបាន៨៥នាក់ ចែកវ៉ែនតា៦០០នាក់ ចែកថ្នាំ ២៥០០ ប្រអប់ រទេះរុញ ៧ ឈើច្រត់ចំនួន ៣០ ជូនដល់ជនពិការ និងជនចាស់ជរា។ ឯកឧត្តមក៏បានអោយដឹងទៀតថា មិនត្រឹមតែការចូលរួមពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះប៉ុណ្ណោះទេ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង នូវបានសហការជាមួយអាជ្ញារធរមូលដ្ឋាន ស្រុកបាទី រួមជាមួយនិងក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក គ្រោងនិងបង្កើតមណ្ឌលសុខភាពថែទាំអ្នកជំងឺជូនប្រជាពលរដ្ឋនៅក្នុងឃុំពារាម ស្រុកបាទី ដែលពុំទាន់មានមណ្ឌុលសុខភាពនាពេលខាងមុខនេះផងដែរ៕ធ.ដ




