ការបំផ្ទុះគ្រាប់បែក នៅម៉ាលី សម្លាប់កងរក្សា សន្តិភាព UN ៣នាក់ និងធ្វើឱ្យរបួស ៥នាក់

បេសកកម្ម រក្សាស្ថិរភាពចម្រុះ របស់ អង្គការ សហប្រជាជាតិ ប្រចាំប្រទេស ម៉ាលី (MINUSMA) បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពី ថ្ងៃអង្គារ ថា កងរក្សាសន្តិភាព UN ចំនួន ៣នាក់ និង ៥នាក់ទៀត រងរបួស ដោយសារ ការបំផ្ទុះគ្រាប់បែក លើក្បួនរថយន្ត ផ្គត់ផ្គង់ តាមដងផ្លូវ នៅក្បែរ ភូមិ Songobia ក្នុងតំបន់ Mopti ភាគកណ្ដាលនៃ ប្រទេស ម៉ាលី កាលពី ថ្ងៃអង្គារ ។

ក្រុមប្រឹក្សា សន្តិសុខ UN និង អគ្គលេខាធិការ របស់អង្គការ លោក អង់តូនីញូវ ហ្គូតទែរ៉េស បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែក ថា ការវាយប្រហារ ប្រឆាំង នឹងកងរក្សាសន្តិភាព របស់ UN អាច បង្កើតជា ឧក្រិដ្ឋកម្មសង្គ្រាម ក្រោមច្បាប់ អន្តរជាតិ ។

សមាជិក ក្រុបប្រឹក្សា ក៏បានអំពាវនាវ ឱ្យរដ្ឋាភិបាល អន្តរកាល របស់ ម៉ាលី ស៊ើបអង្កេត ឱ្យ បានឆាប់រហ័ស នូវការវាយប្រហារនេះ ដោយ មានការគាំទ្រ ពី MINUSMA ហើយនាំជនល្មើស មកកាត់ទោស ។ បន្ថែមពីនេះ ក្រុម ប្រឹក្សាបាន សម្តែងការព្រួយបារម្ភ អំពីស្ថានការណ៍សន្តិសុខ នៅម៉ាលី និង ទិដ្ឋភាព នៃ ការគំរាមកំហែងភេរវកម្ម ក្នុងតំបន់ សាហែល អាហ្រ្វិក ។ ស្ថាប័នដដែល បានគូសបញ្ជាក់ថា សន្តិភាព ក្នុងតំបន់ នឹង មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មាន ការរួមបញ្ចូលគ្នា នៃកិច្ច ខិតខំប្រឹងប្រែង ផ្នែកនយោបាយ សន្តិសុខ ការកសាងសន្តិភាព និងការ អភិវឌ្ឍន៍ ដែល ផ្តល់ផលប្រយោជន៍ ដល់គ្រប់តំបន់ នៃ ប្រទេស ម៉ាលី ក៏ដូចជាការ អនុវត្តកិច្ចព្រមព្រៀង សន្តិភាព ឆ្នាំ២០១៥ ។
មុននោះ ប្រធាន MINUSMA លោក El-Ghassim Wane បានថ្លែងថា ៖ « ខ្ញុំសូម ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ នេះ ហើយ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារ និងបងប្អូនមួយខៀវ ដែលបានស្លាប់បាត់បង់ជីវិត »។

គួរគូសបញ្ជាក់ថា អំពើហឹង្សា ក្រុមសកម្មប្រយុទ្ធ មានទំនាក់ទំនង នឹង ក្រុមអាល់កៃដា និង ក្រុមរដ្ឋ អ៊ិស្លាម បានវាយលុក ប្រទេស ម៉ាលី អស់រយៈពេល មួយទសវត្សរ៍ មកហើយ និង សម្លាប់ មនុស្សរាប់ពាន់នាក់ ។ ប្រទេស អាហ្វ្រិក ខាងលិច ដែលហែកហួរដោយ សង្រ្គាមមួយនេះ គឺជាកន្លែងដ៏គ្រោះថ្នាក់បំផុត មួយ របស់ពិភពលោក ដែលមានដាក់ពង្រាយ បេសកកម្ម រក្សាសន្តិភាព ៕ ហួន ឌីណា (CPA)

ads banner