ទេសរដ្ឋមន្ដ្រី អៀង មូលី បញ្ជាក់ថាផែនការយុទ្ធសាស្រ្តជាតិលើកទី៥ ឆ្លើយតបនឹងមេរោគ អេដស៍ផ្តោតសំខាន់លើការទទួលបានសេវាជំងឺអេដស៍ និងគាំពារសង្គមប្រកបដោយប្រសិទ្ធភាព ស្មើភាព សមធម៌ និងមានគុណភាពខ្ពស់

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាវាយតម្លៃលើឧបសគ្គក្នុងការទទួលសេវាសុខាភិបាល អេដស៍ និងសេវាគាំពារសង្គម ដែលផ្តោតសំខាន់លើទិដ្ឋភាពផ្នែកច្បាប់ និងគោលនយោបាយនៅកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី នាព្រឹកថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០១៩នេះ។

សមាជិកចូលរួមនៅក្នុងសិក្ខាសាលារួមមាន ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងក្រសួង ស្ថាប័ន តំណាងអង្គការយូអិនអេដស៍ (UNAIDS) តំណាងអង្គការសង្គមស៊ីវិល និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (KHANA, Youth Voices Count, MHC, CAM-ASEAN Youth’s Future, MHSS, Media One, Micro Rainbow International Foundation) ប្រមាណ៦០នាក់។

កិច្ចប្រជុំនេះ សហការរៀបចំដោយអង្គការខាណា (KHANA) អង្គការយូអិនអេដស៍ (UNAIDS) និងអង្គការធ្វើការងារជាមួយអ្នកស្រឡាញ់ភេទដូចគ្នា និងធ្វើឡើងដើម្បីផ្សព្វផ្សាយពីលទ្ធផលនៃរបកគំហើញលើការសិក្សាវាយតម្លៃពីឧបសគ្គក្នុងការទទួលបានសេវាសុខាភិបាល អេដស៍ និងសេវាគាំពារសង្គម ពាក់ព័ន្ធនឹងទិដ្ឋភាពផ្នែកច្បាប់ និងគោលនយោបាយចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងធ្វើការស្វែងយល់បន្ថែមលើការកំណត់ទិសដៅអាទិភាព និងដំណោះស្រាយរួមគ្នារបស់ក្រសួង ឬស្ថាប័នពាក់ព័ន្ធចំពោះបញ្ហា ឬតម្រូវការរបស់អ្នកស្រឡាញ់ភេទដូចគ្នា និងធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បផ្សព្វផ្សាយនូវលទ្ធផលនៃរបកកំហើញអំពីការសិក្សាវាយតម្លៃនូវឧបសគ្គក្នុងការទទួលបានសេវាសុខាភិបាល អេដស៍ និងសេវាការពារសង្គមពាក់ព័ន្ធនឹងទិដ្ឋភាពផ្នែកច្បាប់ និងគោលនយោបាយចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងធ្វើការស្វែងយល់បន្ថែមលើការកំណត់ទិសដៅអាទិភាពនិងដំណោះស្រាយរួមគ្នារបស់ក្រសួងពាក់ព័ន្ធ ចំពោះបញ្ហា និងតម្រូវការរបស់អ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលាគ្រប់ជ្រុងជ្រោយ។

តាមកម្មវិធីនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ យើងមិនគ្រាន់តែផ្សព្វផ្សាយលទ្ធផលបឋមប៉ុណ្ណោះទេ
អ្នកចូលរួម ក៏មានឱកាសផ្តល់ធាតុ ចូល ឬព័ត៌មានគន្លឹះបន្ថែមទៀត ដើម្បីឲ្យរបាយការណ៍ចុងក្រោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងបញ្ហាជាក់ស្តែងរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។

ជាមួយគ្នានេះ ដែរយើងក៏មានកិច្ចពិភាក្សារួមគ្នាដោយវាគ្មិនមកពីក្រសួងពាក់ព័ន្ធ ដែលជាឱកាសក្នុងការស្វែងយល់ពីបញ្ហាស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី សង្ឃឹមថាកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្សព្វផ្សាយលទ្ធផលនៃការសិក្សាវាយតម្លៃឧបសគ្គក្នុងការទទួលសេវាសុខាភិបាលអេដស៍ និងសេវាគាំពារសង្គម ដែលផ្តោតសំខាន់លើទិដ្ឋភាពផ្នែកច្បាប់ និងគោលនយោបាយនៅកម្ពុជា ពិតជាទទួលបានជោគជ័យ៕ធ.ដ

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner