សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីគន្លឹះ ដើម្បីទាក់ទាញទេសចរណ៍
ភ្នំពេញ៖ នៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការទាក់ទាញទេសចរណ៍ មិនចាំបាច់ធ្វើការផ្សាយពាណិជ្ជកម្មលើទូរទស្សន៍អន្តរជាតិនោះទេ ដោយថាការផ្សព្វផ្សាយដោយផ្ទាល់ទៅកាន់មនុស្ស គឺជារឿងទាក់ទាញបំផុត។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ការរៀបចំខ្លួនឱ្យបានត្រឹមត្រូវ ការស្វាគមន៍ទេសចរណ៍ដោយភាពកក់ក្ដៅ សេវាកម្មល្អ និងមានអនាម័យ សន្ដិសុខ និងស្ថេរភាពសង្គមដែលបង្កលក្ខណៈងាយស្រួយ និងសុវត្ថិភាពជូនអ្នកទេសចរណ៍នោះនឹងធ្វើឱ្យអ្នកទេសចរណ៍ដក់ចិត្ត ដែលនឹងផ្សព្វផ្សាយដោយផ្ទាល់ទៅកាន់ពលរដ្ឋប្រទេសខ្លួន នឹងនាំឱ្យមានទេសចរណ៍ជាច្រើន មកកម្ពុជាដោយខ្លួនឯង។

សម្ដេចតេជោ ក៏បានជំរុញដល់ក្រសួង-ស្ថាប័ន និងពលរដ្ឋកម្ពុជាចូលរួមធ្វើយ៉ាងណាឱ្យកម្ពុជាឈានដល់ចំណុចនេះ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជា មិនមែនជារបស់អ្នកណាផ្ដាច់មុខទេ គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយពលរដ្ឋត្រូវមានការចាំបាច់ចូលរួមថែរក្សា។ សម្ដេច ថា អ្នកណាក៏ដោយ ឱ្យតែនៅប្រទេសកម្ពុជា ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ព្រោះកម្ពុជាជាទឹកដីរបស់ពលរដ្ឋកម្ពុជាគ្រប់រូប។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះដោយចង់ឱ្យពលរដ្ឋ ចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថានពីឆ្នាំនេះទៅឆ្នាំខាងមុខទៀត ទាំងនៅទីក្រុង និងជនបទគ្រប់ទីកន្លែង ៕ ដោយ វណ្ណលុក

