សិស្សានុសិស្សមានជីវភាពលំបាក ១០០នាក់ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព នៃក្រុងព្រះសីហនុ ទទួលបានអំណោយកង់ ពីស្ថានទូតចិន

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី បាននាំយកអំណោយជាកង់ចំនួន ១០០គ្រឿង របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ប្រគល់ជូនសិស្សក្រីក្រចំនួន ១០០នាក់ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពិធីប្រគល់-ទទួល កង់នេះ បានប្រព្រឹត្តទៅក្រោមអធីបតីភាពឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោកជំទាវ សេង សុមេត្តា អនុរដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាអនុប្រធាន ក្រុមការងារ ស.ស.យ.ក. បម្រេីការ នៅទីស្តីការគណ:រដ្ឋមន្ត្រី ព្រមទាំងក្រុមការងារ លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋានក្រុងព្រះសីហនុ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រេីនរូបទៀត។

ឯកឧត្តម គង់ ច័ន្ទវាសនា បានមានប្រសាសន៍ថា អំណោយដែលយកមកប្រគល់ជូននៅពេលនេះ គឺផ្តេីមចេញពីការផ្តល់ឱកាស របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់ឯកឧត្តមក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់រយ:ពេលខ្លីនៅប្រទេសចិន កាលពីចុងឆ្នាំ២០២១កន្លងទៅ។ តាមយ:វគ្គសិក្សានេះ ឯកឧត្តមបានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគី ចិន និងស្ថានទូតចិន រហូតទទួលបានអំណោយសម្រាប់យកមកប្រគល់ជូននៅពេលនេះ ដេីម្បីចូលរួមលើកស្ទួយវិស័យអប់រំ ដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នាក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។

ឯកឧត្តមបានបន្តទៀតថា ជានិច្ចជាកាល ឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ដេីម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឱ្យក្លាយជាអនាគតទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ជាពិសេសអាណា ព្យាបាលសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាព ឯកឧត្តម តឹករ៉េត សំរេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថានទូតចិន ដែលជាម្ចាស់អំណោយ និង ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា បម្រេីការនៅទីស្តីការគណ:រដ្ឋមន្ត្រី ដែលបានខិតខំសម្របសម្រួល និងចាត់ចែងបញ្ជូនអំណោយសប្បុរសធម៌នេះ មកចែកជូនដល់ក្មួយៗ សិស្សានុសិស្សដែលមានជីវភាពលំបាក សម្រាប់ជាមធ្យោបាយធ្វេីដំណេីរទៅសាលារៀន។

ឯកឧត្តមបានថ្លែងអំណរគុណដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់នៃក្រុងព្រះសីហនុ ចំពោះការគាំទ្រដល់វិស័យអប់រំ និងចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលជាកម្លាំងជួរមុខ ក្នុងការផ្តល់ការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាពដល់ក្មួយៗសិស្សានុសិស្សឱ្យក្លាយជាសសរទ្រូងយ៉ាងរឹងមាំរបស់ប្រទេសជាតិ ៕ ដោយ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner