រថយន្តក្រុងចំនួន ២០០ គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប» ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ពិធីប្រគល់-ទទួល រថយន្តក្រុងចំនួន ២០០គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប» ជូនរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ក្រោមការផ្តួចផ្តើមរបស់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ដោយបានសម្រេចផ្ដល់ជំនួយ ជារថយន្តក្រុង ចំនួន ២០០គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ ។ ផែនទីបណ្តាញខ្សែរត់ ក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ននេះមានសរុប ១៣ ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុងសរុប ចំនួន ២៣៥ គ្រឿង ។

លោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប លើកឡើងថា មូលហេតុនៃការផ្តល់រថយន្តក្រុងថ្មីទាំង២០០គ្រឿងជូនមករដ្ឋបាលរាជធានីនេះ គឺដើម្បីរួមចំណែកដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញ ពិសេសកាត់បន្ថយហានិភ័យដល់អ្នកជិះ ដោយប្តូរពីការជិះម៉ូតូដឹកកូន ក្រោមកំដៅថ្ងៃ ភ្លៀងខ្យល់ មកជិះក្នុងរថយន្តក្រុងដែលមានផាសុខភាព និងអាចអានសៀវភៅបានថែមទៀត។

លោក ផាក ជុងវុក (PARK JEONG WOOK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា លើកឡើងផងដែរថា ប្រទេសកម្ពុជានិងប្រទេសកូរ៉េបានមានទំនាក់ទំនង សហប្រតិបត្តិការណ៍ សេដ្ឋកិច្ច វប្បធម៌ ជាមួយគ្នាតាំងពីឆ្នាំ១៩៩៧ ហើយការផ្តល់រថយន្តក្រុងទាំង ២០០គ្រឿងនេះ ជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការណ៍ នៃប្រទេសទាំង២ឱ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត៕



ដោយ ថេត វិចិត្រ + ហេង សម្បត្តិ