កម្ពុជាត្រូវបាន អង្គការ FATF ដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យសម្អាតប្រាក់ ដែលសម្ដេច ចាត់ទុកថា នេះគឺជាសមិទ្ធផលមួយដែលនឹងរួមចំណែកដល់ការបង្កើនជំនឿទុកចិត្តពីសំណាក់វិនិយោគគិន មកលើបរិយាកាសវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្មនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាស អនុញ្ញាត និងទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) នាវិមានសន្តិភាពនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះអង្គការ FATF ដោយក្នុងនោះ សហរដ្ឋអាមេរិក ក៏ជាសមាជិកមួយនៅក្នុងអង្គការនេះ ដែលបានផ្ដល់នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យសម្អាតប្រាក់ ដែលសម្ដេច ចាត់ទុកថា នេះគឺជាសមិទ្ធផលមួយដែលនឹងរួមចំណែកដល់ការបង្កើនជំនឿទុកចិត្តពីសំណាក់វិនិយោគគិន មកលើបរិយាកាសវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្មនៅកម្ពុជា ។

សម្តេច បានលើកឡើងអំពីបច្ចុប្បន្នភាព និងស្ថានភាពទូទៅចំពោះការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជា ដែលបានបើកដំណើរការប្រទេសឡើងវិញ ចាប់តាំងពីចុងឆ្នាំ២០២១ រហូតមកដល់ពេលនេះកម្ពុជា ទទួលបាននូវកំណើនសេដ្ឋកិច្ចឡើងវិញប្រមាណ ៥.២% ក្នុងឆ្នាំ២០២២នេះ។

លោក តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ដែលបានផ្ដល់នូវព័ត៌មានបច្ចុប្បន្នភាព ក៏ដូចជាព័ត៌មានមួយចំនួនអំពីស្ថានភាពទូទៅ នៃសេដ្ឋកិច្ច សន្ដិសុខ និងនយោបាយនៅកម្ពុជា។

ក្នុងនោះដែរ មានតំណាងក្រុមហ៊ុន ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល, វិស័យធនាគារ, វិស័យផលិតផលប្រើប្រាស់ផ្សេងៗ បានលើកឡើងនូវចំណាប់អារម្មណ៍របស់ខ្លួនពាក់ព័ន្ធទៅនឹងដំណើរការវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងមានវត្តមាន ធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ហើយក៏បានផ្លាស់ប្ដូរយោបល់មួយចំនួន ក៏ដូចជា ផ្ដល់នូវអនុសាសន៍បន្ថែមពាក់ព័ន្ធទៅនឹងដំណើរការកសាង, ការរៀបចំក្របខណ្ឌច្បាប់, បទដ្ឋានគត្តិយុទ្ធមួយចំនួនដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តនូវសកម្មភាពវិនិយោគ ពាណិជ្ជកម្មនៅកម្ពុជាកាន់តែទទួលបានភាពទាក់ទាញ និងវឌ្ឍនៈភាពរីកចម្រើនឡើងបន្ថែមទៀត ៕

ដោយ ៖ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner