ក្រុមហ៊ុនកូកា-កូឡា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍«ប្រតិបត្តិការទីផ្សារអន្តរជាតិ»

ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានកិត្តិយសយ៉ាងក្រៃលែង ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលមានឈ្មោះថា «ប្រតិបត្តិការទីផ្សារអន្តរជាតិ»។ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ មានការចូលរួមពីសំណាក់បុគ្គលិក ផ្នែកលក់ និងផ្នែកពាណិជ្ជកម្ម ប្រមាណ៥០នាក់ មកពីជាង១០ប្រទេសផ្សេងគ្នានៃក្រុមហ៊ុនវិនិយោគកូកា-កូឡា ដែលពួកគាត់នឹងរួមគ្នាធ្វើឱ្យទីផ្សារក្នុងរាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រង តាមរយៈការសំអាតសម្ភារទីផ្សារ រទេះតាំង ទូទឹកកក រៀបចំដាក់តាំងផលិតផលឲ្យត្រឹមត្រូវតាមស្តង់ដារ និង ណែនាំបន្ថែម ពីផលិតផលថ្មីភេសជ្ជៈបង្កើនថាមពលកូកា-កូឡា។

គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគកូកា-កូឡា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១០០% របស់ក្រុមហ៊ុនកូកា-កូឡា ដែលមានដំណើរការនៅក្នុងប្រទេសចំនួន១៥ រួមមាន៖ ប្រទេសឥណ្ឌា ស្រីលង្កា ណេប៉ាល់ កាតា អូម៉ាន បារ៉េន អារ៉ាប់រួម ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ព្រុយណេ វៀតណាម និងកម្ពុជា។ ក្រុមហ៊ុនវិនិយោគ កូកា-កូឡា មានរោងចក្រសរុបចំនួន៥២ ដែលមានបុគ្គលិកសរុបប្រមាណ៣៦,០០០នាក់។ តាមរយៈកំណើនបរិមាណលក់ខ្ពស់ជាងគេ និងជាទីផ្សារដំបូងគេ ដែលបានសម្ពោធនូវភេសជ្ជៈបង្កើនថាមពល កូកា-កូឡានៅក្នុងក្រុមហ៊ុនវិនិយោគកូកា-កូឡា ទើបកម្ពុជា ត្រូវបានជ្រើសរើសជាទីផ្សារគំរូសម្រាប់ការចុះ ប្រតិបត្តិការទីផ្សារលក្ខណៈអន្តរជាតិមួយនេះ។

កញ្ញា ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជាបានមានប្រសាសន៍ថា «បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីសន្និបាតគណៈគ្រប់គ្រងពាណិជ្ជកម្ម មកពីបណ្តាប្រទេសក្នុងក្រុមហ៊ុនវិនិយោគកូកា-កូឡា ប្រកបដោយជោគជ័យកាលពីខែមេសាកន្លងទៅនេះ យើងមានឱកាសបន្តបង្ហាញសក្តានុពលរបស់ទីផ្សារកម្ពុជាជាថ្មីម្តងទៀត។ ក្រោមការចូលរួមយ៉ាងផុសផុលពីក្រុមការងារផ្នែកលក់ ផ្នែកពាណិជ្ជកម្ម និងថ្នាក់ដឹកនាំជាន់ខ្ពស់ចម្រុះជាតិសាសន៍ យើងរំពឹងថាកូកា-កូឡាកម្ពុជា នឹងពង្រីកវិសាលភាពនៃក្រុមហ៊ុនឈានមុខគេលេខ១ ផ្នែកភេសជ្ជៈគ្មានជាតិស្រវឹង»។

ក្នុងបរិបទរបស់កូកា-កូឡា និយោជិតគ្រប់រូបត្រូវបានចាត់ទុកជាទ្រព្យសកម្មដ៏មានតម្លៃរបស់ក្រុមហ៊ុន ហើយយើង តែងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពពួកគាត់ តាមរយៈវគ្គបំពាក់បំប៉នទាំងក្នុង និងក្រៅប្រទេស ដោយរាប់បញ្ចូលទាំងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងសហសេវិកនៃប្រទេសផ្សេងៗផងដែរ។ កត្តានេះហើយ ទើបធ្វើឱ្យក្រុមហ៊ុនផលិតភេសជ្ជៈគ្មានជាតិ ស្រវឹងឈានមុខគេនៅកម្ពុជាមួយនេះមាន បុគ្គលិកជាជនជាតិបរទេសត្រឹមតែ២នាក់ប៉ុណ្ណោះ ខណៈដែលបុគ្គលិកជាង៩០០នាក់ទៀត សុទ្ធសឹងជាជនជាតិខ្មែរ។ លើសពីនេះទៀតបច្ចុប្បន្ន យើងមានបុគ្គលិកនារីបម្រើការនៅគ្រប់ផ្នែកទាំងអស់ រាប់ទាំងការងារដែលពិបាក ជឿថានារីអាចធ្វើបានរួមមាន៖ ១) អ្នកបើកបរយាន្តលើកដាក់ទំនិញ (ហ្វកលីស) ២) អ្នកបើករថយន្តធុនធ្ងន់ (១០-២០តោន) ៣)អ្នកបញ្ជា ខ្សែសង្វាក់ផលិតកម្ម រហូតដល់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាដើម។ ជាចុងក្រោយ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានត្រៀមខ្លួនរួចស្រេចក្នុងការរៀបចំកម្មវិធីធំៗផ្សេងទៀត និងបង្ហាញពីភាពលេចធ្លោរបស់ព្រៈរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner