លោកជំទាវ ពុំ ចន្ទីនី ជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២៣ ចំនួន ១១នាក់

ភ្នំពេញ ៖លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២៣ ចំនួន ១១នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ ក្មួយៗទាំងអស់។ លោកជំទាវអគ្គលេខាធិការ បានមានប្រសាសន៍បន្តថា “កាកបាទក្រហមកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដែលជាសមាជិកទី៨៥ ហើយចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម មានសមាជិកទូទាំងពិភពលោកសរុប១៩២ប្រទេស ដើម្បីទទួលស្គាល់សមាគមជាតិមួយបានក្នុងឆាកអន្តរជាតិ លុះត្រាតែសមាគមជាតិមានតែមួយគត់នៅក្នុងប្រទេស និងត្រូវគោរពលក្ខណៈវិនិច្ឆ័យ១០យ៉ាងរបស់សហព័ន្ធអន្តរជាតិ និងត្រូវអនុវត្តការងារមនុស្សធម៌ស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនា ហើយកាកបាទក្រហមកម្ពុជា គឺជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ផងដែរ។ នៅឆ្នាំ១៩៧៥ មកដល់ឆ្នាំ១៩៧៩ មិនមានដំណើរនោះទេនៅក្នុងរបបប្រល័យពូជសាសន៍ បន្ទាប់ពីរំដោះប្រទេសមកវិញ ១៩៧៩-១៩៩២ កាកបាទក្រហមកម្ពុជាត្រូវបាត់បង់អសណៈរបស់ខ្លួនព្រោះកាកបាទក្រហមកម្ពុជាបានបាត់បង់គោលការណ៍ឯកភាព ដោយមានកាកបាទក្រហមកម្ពុជា ចំនួន៤ក្រុម។ មកដល់ឆ្នាំ១៩៩២-១៩៩៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបាទនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានបង្រួបបង្រួមកាកបាទក្រហមកម្ពុជា ទាំង៤ក្រុមទៅជាកាកបាទក្រហមកម្ពុជាតែមួយវិញ ហើយនៅឆ្នាំ១៩៩៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានបោះឆ្លោតក្នុងមហាសន្និបាត ជ្រើសតាំងជាប្រធានកាកបាទក្រហមកម្ពុជា។ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានបង្កើតឱ្យមានសាខាកាកបាទក្រហមកម្ពុជា ២៤រាជធានីខេត្ត និងបានធ្វើវិមជ្ឈការ និងសហវិមជ្ឈការ ព្រមទាំងធ្វើបច្ចុប្បន្នភាព ធ្វើឲ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាព និងសមត្ថិភាព អាចជួយខ្លួនឯងបាន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងថ្នាក់ជាតិនិងឆាកអន្តរជាតិ។ កាកបាទក្រហមកម្ពុជា មានយុទ្ធសាស្ត្រចំនួន៣ មកដល់បច្ចុប្បន្ន (២០០៣-២០១០, ២០១១-២០២០ និង ២០២១-២០៣០) ហើយនៅក្នុងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជាដែលបាននឹងកំពុងអនុវត្តការងារមនុស្សធម៌ មានវិស័យអាទិភាពចំនួន៤គឺ ទី១-ការគ្រប់គ្រង់គ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ទី២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ទី៣-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទី៤-ការអភិវឌ្ឍស្ថាប័ន ។

ទន្ទឹមនឹងនេះ លោកស្រី ហេង វង្សដាលីស តំណាងបេក្ខជនជ័យលាភីអាហារូកណ៍រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២៣ យើងខ្ញុំមានក្តីសោមន្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោកជំទាវអគ្គលេខាធិការ ដែលបានអនុញ្ញាតឱ្យក្រុមនិសិ្សតយើងខ្ញុំបានជួបសម្តែងការគួរសមនាពេលនេះ។ លោកស្រី ហេង វង្សដាលីស បានបន្តទៀតថា “រាជរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា អស់រយៈពេល ២៨ឆ្នាំមកហើយ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ បេក្ខជនជ័យលាភីសរុបត្រូវបានជ្រើសរើសមានចំនួនសរុបចំនួន៤៥នាក់ និងត្រូវបែងចែកជាពីរក្រុម ដោយក្រុមទី១មានចំនួន៣០នាក់ បានចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី នាដើមខែមករា ឆ្នាំ២០២៣នេះ និងក្រុមទី២មានចំនួន ១៥នាក់ និងគ្រោងចេញដំណើរទៅបន្តការសិក្សានៅក្នុងខែមិថុនា ឆ្នាំ២០២៣នេះផងដែរ”។

ជាមួយគ្នានេះសូមគោរពថ្លែងអំណរគុណសារជាថ្មី ដែលលោកជំទាវ អគ្គលេខាធិការ ដែលបានផ្តល់បទពិសោធន៍ និងបង្ហាញសកម្មភាពមនុស្សធម៌ល្អៗដែលធ្វើឱ្យក្រុមយើងខ្ញុំទទួលបានចំណេះដឹងជាច្រើន និងយល់កាន់តែច្បាស់អំពីសកម្មភាពមនុស្សធម៌ ដែលមានលក្ខន្តិកៈវិធាននៃនីតិក្រមបទបញ្ញត្តិហិរញ្ញវត្ថុត្រឹមត្រូវ និងមានយុទ្ធសាស្ត្រដែលមានរយៈពេល១០ឆ្នាំសម្រាប់អនុវត្តការងារជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ជាពិសេសក្រោមការដឹនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺអភិវឌ្ឍស្ថាប័ន ក្នុងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យសាខាកាកបាទក្រហមទាំង២៥មានភាពរឹងមាំ និងមានលទ្ធភាពក្នុងសម្រាលការលំបាកប្រជាពលរដ្ឋបានទាន់ពេលវេលា ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner