ឯកឧត្តម មាស សុភា៖ ថ្នាក់ដឹកនាំបុគ្គលិកនិងក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសុខភាព ជូនសាធារណជនដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ
ខេត្តព្រះវិហារ៖ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព សម្ភោធដាក់ឲ្យដំណើរការ ជាផ្លូវការមន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រព្រះវិហារ ។

ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌុលព្រះវិហារ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា ជាទីប្រឹក្សារាជរដ្ឋាភិបាល ជាថ្នាក់ដឹកនាំខេត្ត លោក លោកស្រី មកពីមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌុលខេត្តព្រះវិហារ មានប្រសាសន៍ថា មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីបុត្រព្រះវិហារ នឹងធ្វើការពិនិត្យជូនអ្នកជម្ងឺ មិនលើសពី៥០នាក់ទេក្នុង១ថ្ងៃ ប៉ុន្តែពេលមានអាសន្នអាចយកមកភ្លាមៗបាន ព្រោះយើងផ្តោតសំខាន់លើ គុណភាព ដោយសំដៅលើមន្ត្រីរាជការមុនគេ ពិសេសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត ដោយផ្តល់កញ្ចប់ពិនិត្យសុខភាពត្រឹមតម្លៃ ៥ម៉ឺនរៀលប៉ុណ្ណោះ។ លើសពីនេះអ្នកមានលទ្ធភាពអាចទៅពិនិត្យព្យាបាលនៅ ថៃ វៀតណាម កូរ៉េ និងឥណ្ឌា ហើយពេទ្យធំៗដូចជា កូរ៉េ ចិន អាមេរិក និងឥណ្ឌា នឹងមកពិនិត្យព្យាលជាប្រចាំឆ្នាំ នៅខេត្តព្រះវិហាររបស់យើង ។

ឯកឧត្តម មាស សុភា បានថ្លែងកោតសរសើរដល់មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីបុត្រព្រះវិហារ ដែលបានជ្រើសយកខេត្តព្រះវិហារ ជាកន្លែងផ្តល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ បើទោះបីទើបបង្កើតក៏ពិតមែន តែទំនើប មានឧបករណ៍គ្រប់គ្រាន់ ដើម្បីធ្វើការព្យាបាល ពិសេសមានកម្មវិធីផ្តល់បណ្ណសុខភាព ស្របតាមកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តាំផ្ញើ ទៅកាន់ថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមគ្រូពេទ្យ នៃមន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រព្រះវិហារទាំងអស់ ឯកឧត្តម មាស សុភា សូមយកចិត្តទុកដាក់ខ្ពស់ ចំពោះការផ្តល់សេវាសុខភាព ជូនដល់សាធារណៈជន ដោយត្រូវប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និងប្រកបដោយវិជ្ជាជីវៈគ្រូពេទ្យ ឆាប់រហ័ស ទាន់ចិត្ត ប្រសិទ្ធិភាព តម្លៃសមរម្យ៕ ដោយ ៖ សួន លីណា
