ចិនកំណត់គោលដៅជំរុញកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥ភាគរយសម្រាប់ឆ្នាំ២០២៣នេះ

MC. ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃអាទិត្យនេះ បានកំណត់គោលដៅជំរុញកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រហែល ៥ភាគរយសម្រាប់ឆ្នាំ២០២៣នេះ ដែលជាកម្រិតទាបបំផុតមួយក្នុងទសវត្សរ៍កន្លងមក ខណៈដែលសភាប្រជាជនចិនបានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនក្នុងទីក្រុងប៉េកាំង។

Read. គោលដៅខាងលើនេះត្រូវបានប្រកាសនៅក្នុងរបាយការណ៍ការងារដែលផ្តល់ដោយនាយករដ្ឋមន្ត្រីផុតអាណត្តិរបស់ចិន លោក លី ខឺជាំង នៅពេលដែលសភាបានបើកកិច្ចប្រជុំនៅសាលប្រជាជននៃរដ្ឋធានី។

តួលេខនេះគឺទាបជាងការព្យាករណ៍ជាមធ្យមរបស់អ្នកសេដ្ឋកិច្ច ដែលត្រូវបានអង្កេតដោយទីភ្នាក់ងារសារព័ត៌មាន AFP បន្តិច ដែលបានព្យាករណ៍ពីគោលដៅប្រហែល ៥.៣ភាគរយ។ លោក លី បាននិយាយថា ប្រទេសចិនមានបំណងបង្កើតការងារថ្មីក្នុងទីក្រុងបន្ថែមប្រហែល ១២លាននាក់សម្រាប់ឆ្នាំនេះ ដែលធ្វើឱ្យអត្រាអ្នកគ្មានការងារធ្វើក្នុងទីក្រុងស្ថិតក្នុងរង្វង់ប្រហែល ៥.៥ភាគរយ។

ទន្ទឹមគ្នា ទីក្រុងប៉េកាំងក៏នឹងកំណត់គោលដៅការកើនឡើង នៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ប្រហែល ៣ភាគរយផងដែរ។
ប្រទេសចិនបានប្រកាសពីកំណើនសេដ្ឋកិច្ចនៅត្រឹម ៣ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន ដោយបានខកខានគោលដៅដែលបានកំណត់របស់ខ្លួនក្នុងរង្វង់ប្រហែល ៥.៥ភាគរយ ខណៈដែលសេដ្ឋកិច្ចកំពុងតានតឹងក្រោមឥទ្ធិពលនៃគោលនយោបាយទប់ស្កាត់ជំងឺ Covid-19 ដ៏តឹងរ៉ឹង និងវិបត្តិអចលនទ្រព្យ។

ទោះបីជាយ៉ាងណា លោក លី បាននិយាយថា ប្រទេសចិនគួរតែផ្តល់អាទិភាពដល់ការងើបឡើងវិញ និងការពង្រីកការប្រើប្រាស់ រួមទាំងការដាក់អាទិភាពខ្ពស់លើការលើកកម្ពស់ការងាររបស់យុវជន ជាពិសេសនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner