សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដីរីករាយដែលបានឃើញពីភាពជោគជ័យនៃការបណ្តុះបណ្តាលវិជ្ជាជីវៈនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយដែលបានឃើញពីភាពជោគជ័យនៃការបណ្តុះបណ្តាលវិជ្ជាជីវៈនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យបន្តការខិតខំការបណ្តុះបណ្តាលវិជ្ជាជីវៈនេះបន្តទៀត ប៉ុន្តែការនិយាយយ៉ាងដូច្នេះ មិនមែនឱ្យបោះបង់ចោលការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ទេ នៅតែមានការលើកទឹកចិត្ត ក៏ប៉ុន្តែ សម្ដេចចង់បង្ហាញថា ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានជំនាញច្បាស់លាស់ គឺដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ដូច្នេះ ប្រសិនបើអ្នកវិនិយោគមកកាន់កម្ពុជា ប៉ុន្តែបែរជាយើងគ្មានអ្នកជំនាញវិជ្ជាជីវៈច្បាស់លាស់នោះ នឹងមិនទទួលបានឱកាសការងារនោះទេ ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងផ្តល់នូវការរៀបចំដើម្បីឱ្យបណ្តុះបណ្តាលសម្រាប់សិស្សក្រីក្រចំនួន ១.៥លាននាក់ ហើយក្នុងនោះ វិទ្យាស្ថានខ្មែរជំនាន់ថ្មី អាចទទួលយកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការបណ្តុះបណ្តាលផងដែរ ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ