ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំងពីថ្ងៃទី១៣-១៩ ខែមីនា
ភ្នំពេញ: យោងតាមកំណត់ទូតនៃស្ថានទូតបារាំងចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី អាត់ សូហ្វីនាយិកានៃនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិផ្នែកសន្តិសុខនៃក្រសួងមហាផ្ទៃនិងដែនដីឯនាយសមុទ្របារាំងបានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២៣។
ប្រភពដដែលបញ្ជាក់ថា ទស្សនកិច្ចនេះ ធ្វើឡើង បន្ទាប់ពីជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ហ្សាក់កេ ប៉ែលឡេត(Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២២ដែលភាគីបារាំងបានលើកឡើងពីគោលបំណងផ្តល់ការគាំទ្រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារនៅសាធារណរដ្ឋបារាំង។
គណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមាន គ.ជ.ប ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.បនិងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហា ផ្ទៃដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត នឹងចេញដំណើរនៅល្ងាចថ្ងៃទី១៣ ខែមីនា វេលាម៉ោង ៦ និង ៣០នាទី៕ ដោយ៖ពលជ័យ
