ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មើលទៅមជ្ឈដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា “មើលទៅមជ្ឈដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេរហូតដល់ទៅយកអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់ ដែលតែងតែសរសេរផ្អែកលើមូលដ្ឋាននៃពាក្យចចាមអារ៉ាម (ព្រោះក្នុងការសរសេរម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះប្រភពនោះ ដែលមិនច្បាស់លាស់ថាជាប្រភពណាពិតប្រាកដ គឺប្រហែលជាប្រភពខ្យល់ច្រើនជាង)”។ នេះបើយោងតាមហ្វេសប៊ុកឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្ឃឹមថា ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រសួងការពារជាតិអាចអោយមហាជនបានដឹងច្បាស់ថាការពិតគឺយ៉ាងណាហើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។ សម្តេចនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
សម្តេចពិជ័យសេនាបានសរសេរថា “សូមប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។ ខ្ញុំនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។
កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីបានគត់មត់ ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម ប្រឆាំងដាច់ខាតចំពោះឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ការពារសង្គមជាតិមិនឱ្យធ្លាក់ក្នុងអស្ថិរភាព អសន្តិសុខ ការបែកបាក់ជាតិ និងសង្គ្រាមសារជាថ្មីទៀត ធ្វើឱ្យសង្គមជាតិបន្តដំណើរទៅមុខឥតឈប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ និងមានឆន្ទៈមោះមុតការពារដាច់ខាតរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា “។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ជនរួមជាតិទាំងមូលទាំងនៅក្នុង និងក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត។
ចំណែកក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្ល និងញុះញង់តាមបណ្ដាញសង្គមមកលើ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ការចោទប្រកាន់យ៉ាងគឃ្លីនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រម- ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ តែងប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជក្បត់ជាតិ៣ជំនាន់នេះ ហើយកងយោធពលខេមរភូមិន្ទ រង់ចាំជានិច្ច ក្នុងការអនុវត្តបទបញ្ជ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ជនក្បត់ជាតិ ទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ៖ពលជ័យ


