អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុននានា បានចូលរួមសម្អាតបរិស្ថាននៅក្នុងក្រុងសៀមរាបមុនពេលដង្ហែគប់ភ្លើង

សៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុននានា បានចូលរួមសម្អាតបរិស្ថាននៅក្នុងក្រុងសៀមរាបមុនពេលដង្ហែគប់ភ្លើងជិតចូលមកដល់ហើយ កាយវិការរបស់អាជ្ញាធរខេត្ត និងបងប្អូនប្រជាពលរដ្ឋនាពេលនេះ ដែលបានចូលរួមស្រឡាញ់ ការពារ និងថែរក្សាបរិស្ថាន ដែលនេះជាមូលដ្ឋានគ្រឹះនៃវប្បធម៌ចែករំលែក ចូលរួមសាមគ្គីជាកម្លាំង ដើម្បីអភិវឌ្ឍន៍ខេត្ត ក្រុងរបស់យើងរួមគ្នាផងដែរ។

លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា “សៀមរាបផ្ទះខ្ញុំ” សូមជួយថែរក្សាផ្ទះរបស់យើងទាំងអស់គ្នា ដើម្បីសុខមាភាពរបស់ក្រុមគ្រួសារយើង សំរាមគឺជាកាកសំណល់ ដែលផ្ទុកដោយមេរោគជាច្រើនប្រភេទ ចាំបាច់ណាស់យើងត្រូវមានឧបករណ៍គ្រប់គ្រាន់សម្រាប់ប្រមូលនូវសំណល់រឹង និងរាវនេះ លោកបានសំណូមពរ ដល់ម្ចាស់ក្រុមហ៊ុន អាជ្ញាធរមូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់ និងស្វាគមន៍ក្នុងការចូលរួមគ្រប់សកម្មភាពល្អៗរបស់បងប្អូនប្រជាពលរដ្ឋ នេះជាកត្តាដ៏សំខាន់មួយដែលយើងអាចធ្វើការងាររួមគ្នារវាងអជ្ញាធរមូលដ្ឋាន និង បងប្អូនប្រជាពលរដ្ឋដែលមានចិត្តស្រឡាញ់បរិស្ថាន។

លោក បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ត្រីជំនាញទាំងអស់ ដែលទទួលខុសត្រូវលើបញ្ហារបរិស្ថាន ត្រូវបង្កើនការទទួលខុសត្រូវ នូវរាល់កិច្ចការរបស់ខ្លួន ត្រូវណែនាំនិងហាមបងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់ចួលរួមសម្អាតបរិស្ថាន និងត្រូវរៀបចំផែនការថែរក្សាបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់លាស់ទាំងពេលវេលា និងសម្ភារប្រើប្រាស់ ដែលប្រាកដថាគ្មានហានិភ័យដល់សុខភាព ហើយត្រូវផ្សព្វផ្សាយ និងស្វាគមន៍រាល់បណ្តាសហគ្រាសក្នុងវិស័យឯកជន ដែលមានបំណងស្ម័គ្រចិត្តចូលរួមដើម្បីរួមគ្នាធ្វើគ្រប់បែបយ៉ាង ឲ្យក្រុងសៀមរាបយើង កាន់តែមានសោភ័ណភាព អនាម័យ និងបរិស្ថានល្អ។

ជាមួយគ្នានេះ លោក បានបញ្ជាក់ទៀតថា ពាក់ព័ន្ថការរៀបចំប្រោសប្រទាននូវគប់ភ្លើងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ គឺការរត់គប់ភ្លើងនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយចាប់ផ្តើមចេញពីខេត្តសៀមរាប នឹងការរៀបចំការរត់ភ្លើងគប់នៅវង់តូចក្នុងតំបន់អង្គរ ១ជុំ រួចបន្តទៅកាន់តាមបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួចហើយបន្តរត់នៅជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ហើយនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

អាជ្ញាធរ និងថ្នាក់ដឹកនាំខេត្តសៀមរាប ក៏បានយកចិត្តទុកដាក់នឹងខិតខំអភិវឌ្ឍន៍ខេត្តដើម្បីឲ្យរីកចំរើន មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលកាន់តែកៀកចូលមកដល់នាពេលឆាប់ៗខាងមុខនោះ នៅលើទឹកដីនៃខេត្តសៀមរប នឹងជាពិសេសគឺការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការយាងមកប្រទាននូវគប់ភ្លើងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រមទាំងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារស្របតាមគោលនយោបាយផងដែរ៕ ដោយ ស៊ាន សុផាត

ads banner