មន្រ្តីក្រសួងបរិស្ថាន៖ ពលរដ្ឋកម្ពុជាកាន់តែយល់ដឹងពីការទុកដាក់សំរាម និង ចូលរួមថែរក្សាបរិស្ថានកាន់តែច្រើន

ភ្នំពេញ៖ មន្រ្តីនៃក្រសួងបរិស្ថានបានលើកឡើងថាបើគិតរហូតមកដល់ពេលនេះគេសង្កេតឃើញពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងបានយល់ដឹងពីការទុកដាក់សំរាម ហើយក្នុងចំណោមនេះបាន ចូលរួមថែរក្សាបរិស្ថាន និង អនាម័យតាមទីប្រជុំជនឬក៏តាមទីជនបទដាច់ស្រយាលថែមទៀត ។

នៅទីកន្លែងដែលធ្លាប់តែមានសំរាមចោលពាសវាកាលត្រូវបានលុបបំបាត់ ហើយជំនួសមកវិញនូវធុងសំរាម និងអនាម័យបរិស្ថានស្អាតល្អ។តំបន់ទីប្រជុំជន តំបន់ទីជនបទ តំបន់កម្សាន្តត្រូវបានថែរក្សាយ៉ាងស្រស់ស្អាត និងប្រកបដោយបរិយាកាសគួរជាទីលំហែកាយ។

លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃ ក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ឱ្យដឹងថាបើគេក្រឡេកមើលកាលពី១០ឆ្នាំមុនតាមដងផ្លូវ តាមទីប្រជុំជន យើងឃើញថាមានសំរាមតែបច្ចុប្បន្នវិញគេឃើញថាមានលក្ខណៈប្រសើរឡើងច្រើន បើទោះបីថាកន្លែងខ្លះមិនទាន់ស្អាតតាមអ្វីដែលយើងចង់បានក៏ដោយ តែបើមើលទូទៅពិតប្រាកដណាស់វាប្រសើរជាងមុនច្រើនណាស់។

លោកបានបញ្ជាក់បន្ថែមថាកន្លងមកក្រសួងបរិស្ថានបានធ្វើការបំផុសចលនាឱ្យពលរដ្ឋយល់ដឹងពីការថែរក្សាបរិស្ថាន រៀបចំកែប្រែប្រព័ន្ធប្រមូលសំរាមបែបថ្មី ដែលមានប្រសិទ្ធភាព ហើយពលរដ្ឋក៏បានចូលរួមផងដែរពិសេសការបង់ថ្លៃសេវាប្រមូលសំរាមតែម្តង។

លោក ង៉ែត បុល បានលើកឡើងដោយបញ្ជាក់ផងថា៖បច្ចុប្បន្នក្រសួងបរិស្ថានបានគៀងគរប្រភពថវិការដោយបានវិនិយោគច្រើនទៅលើការងារគ្រប់គ្រងសំរាមទាំងការរៀបចំប្រព័ន្ធប្រមូលសំរាមនិ ងពិសេសបានរៀបចំទីលានចាក់សំរាមថ្មីៗជាច្រើនសម្រាប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីបំពេញទៅតាមកំណើនការប្រើប្រាស់របស់ពលរដ្ឋ។

ពាក់ព័ន្ធបញ្ហាសំរាមនេះដែរពលរដ្ឋកម្ពុជាមួយចំនួនក៏បានជំរុញឱ្យសាធារណៈជនមានការយកចិត្តទុដាក់ខ្ពស់ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវចៀសវាងចោលពាសវាលកាលដែលនាំឱ្យខូចទាំងសោភ័ណ្ឌភាពទីក្រុង និងបរិស្ថានថែមទៀត។ព្រមជាមួយពលរដ្ឋកម្ពុជាក៏បានជុំរុញឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងរាជរដ្ឋាភិបាលមានវិធានការជាក់លាក់ក្នុងការគ្រប់គ្រងសំរាមផងដែរ ។

អ្នកស្រី ថេន សុផល ជាអ្នកលក់ចំណីអាហារតាមដងផ្លូវមួយរូបបានបញ្ជាក់ប្រាប់ថា៖ការទុកដាក់សំរាមជារឿងមួយសំខាន់ ហើយបើយើងចោលពាសវាលកាលវានឹងបង្កការប៉ះពាល់ដល់អនាម័យដែលជះផលអាក្រក់ដល់សុខភាពយើងគ្រប់គ្នា។ជាងនេះទៅទៀតវានាំឱ្យបង្កការប៉ះពាល់ដល់បរិស្ថាន បាត់សណ្តាប់ធ្នាប់ដែលធ្វើឱ្យបាត់បង់ភ្ញៀវទេសចរផង។

ដោយឡែក លោក ជុំ វាសនាដែលជាប្រជាពលរដ្ឋមួយរូបទៀតលើកឡើងថា៖ ដល់ពេលនេះយើងពលរដ្ឋគ្រប់គ្នាគួរចូលរួមថែរក្សាអនាម័យ។ពិសេសត្រូវចេះវេចខ្ចប់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ម្នាក់ៗមិនត្រូវចោលសំរាមតាមការនឹកឃើញឬតាមភាពងាយស្រួលទេគឺត្រូវចោលសំរាមតាមធុងសំរាមនិងទីចាក់សំរាមឱ្យបានត្រឹមត្រូវជានិច្ច។

គួរបញ្ជាក់ថា បើតាម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងកាលពីថ្មីៗមកនេះថា៖ ក្នុងចំណោមសំណល់សំរាម១០០ ភាគរយ ដែលយើងប្រើប្រាស់រៀងរាល់ថ្ងៃនេះ មាន ៦០ ទៅ ៦៥ ភាគរយ ហើយជាសំណល់សិរីរាង្គ ២០ ភាគរយ ជាសំណល់ប្លាស្ទិក និងសំណល់ប្រមាណ ១០ភាគរយ ជាសំណល់រឹង ដូចជា គ្រឿងអេឡិកត្រូនិកនានា ក៏យើងនៅតែអាចយកមកកែច្នៃមកប្រើប្រាស់បានដូចគ្នា៕ អត្ថបទ ៖ ម៉ាដេប៉ូ , រូប ៖ ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner