រដ្ឋបាលជលផល និង អង្គការ WCS លែងអណ្ដើកហ្លួង ២០ក្បាលចូលក្នុងទីជម្រកធម្មជាតិ

ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា សហការជាមួយ Mandai Nature និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងអណ្ដើកហ្លួង ឬអណ្ដើកសរសៃចំនួន ២០ក្បាលចូល ក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ។

ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួងនៃអង្គការ WCS បានថ្លែងថា «អណ្ដើកហ្លួងទាំង ២០ក្បាល (ឬហៅតាមឈ្មោះវិទ្យាសាស្រ្តថា the Southern River Terrapins (Batagur affinis) ដែលបានលែងថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីបានញាស់ពីសំបុកដែលបានការពារតាមដងព្រែកស្រែអំបិល និងព្រែកកំពង់សីលា ក្នុងខេត្តកោះកុង និងព្រះសីហនុ ចន្លោះពីឆ្នាំ២០០៦ ដល់ ២០១៦ បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដើម្បីចិញ្ចឹមថែទាំឲ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ» ។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានបញ្ជាក់ថា «ខ្ញុំបាទសូមសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្ដារប្រភេទអណ្តើកដែលកំពុងរងគ្រោះនេះឲ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។» លោកបានបន្ថែមថា «ក្នុងឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដាក់បញ្ចូលប្រព័ន្ធព្រែកស្រែអំបិលនិងព្រៃលិចទឹកតាមដងព្រែក ក្នុងប្រកាសលេខ ១៣៣ ស្ដីពីការបង្កើតតំបន់គ្រប់គ្រងអណ្ដើកហ្លួង ឬអណ្ដើកសរសៃ និងក្រពើត្រី។ ដូច្នេះ រាល់ការកាប់ទន្ទ្រានព្រៃលិចទឹកតាមដងព្រែកដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាទង្វើល្មើសច្បាប់ជលផល។» លោកវិបុល ក៏បានក្រើនរំលឹកដល់សហគមន៍មូលដ្ឋាន ឲ្យជៀសវាងការជួញដូរប្រភេទសត្វដ៏កម្រនេះ។

ទាក់ទិនក្នុងរឿងនេះលោកបណ្ឌិត សុនចា ឡូហ្ស (Dr. Sonja Luz) នាយក Mandai Nature «យើងខ្ញុំសូមចូលរួមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS ដែលបានខិតខំប្រឹងប្រែងរួមគ្នាការពារនិងអភិរក្សអណ្ដើកហ្លួងទាំងនេះ។ ការលែងសអណ្ដើកហ្លួងបន្ថែមទៀតចូលទៅក្នុងទីជម្រកធម្មជាតិ បានបង្ហាញពីជោគជ័យនៃកិច្ចប្រឹងប្រែងអភិរក្សដោយមានការចូលរួមបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ។ ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាននិងសហគមន៍ ពិតជាមានសារៈសខាន់ក្នុងការធានាដល់កំណើនប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ។

គួរបញ្ជាក់ថាអណ្ដើកហ្លួង ស្ថិតក្នុងប្រភេទអណ្ដើកគោក និងទឹកសាបចំនួន ២៥ប្រភេទដែលជិតផុតពូជបំផុតនៅលើពិភពលោក។ ប្រភេទអណ្ដើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្ដើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិត្យឆ្នាំ២០០៥ ។

ក្រុមអ្នកអភិរក្សជឿថា អណ្ដើកហ្លួងនេះ បានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសារជាថ្មីនូវប្រភេទអណ្ដើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល ។

គួរបញ្ជាក់ថាការលែងអណ្ដើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទស្សវត្សរ៍ក្នុងការការពារសំបុកអណ្ដើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្ដើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្ដើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយម្ចាស់ជំនួយ ។ ចាប់តាំងពីឆ្នាំ ២០១៥មក នេះជាការលែងអណ្ដើកហ្លួងលើកទីប្រាំពីរចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលសរុបទាំងប្រាំពីរលើកនេះមានចំនួន ១៦៧ក្បាល ៕ ដោយ ៖ ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner