សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ដូមីនីក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរ កម្ពុជា-ដូមីនីក។ សម្តេច ក៏បានស្នើដល់ដូមីនីក ឱ្យពិនិត្យលទ្ធភាព ក្នុងការពង្រីងកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជា វិស័យទេសចរណ៍ជាដើម ។

ការស្នើររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ c កម្ពុជា ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសដូមីនីក នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្ត្រី វីន ហេនដឺសាន់ បានសម្តែងនូវការគោរពចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្តម បានបញ្ជាក់ថា ទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈក្រមខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសតាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម និងនេសាទ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើទិដ្ឋាការ ដែលនេះជាការចាប់ផ្តើមដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសពីរ។ សម្តេចក៏បានស្វាគមន៍ចំពោះបំណងចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។

សម្តេចតេជោ នាយលរដ្ឋមន្ត្រី ក៏បានស្នើដល់ឯកឧត្តមរដ្ឋមន្ត្រី វីន ហេនដឺសាន់ ឱ្យពិនិត្យលទ្ធភាព ក្នុងការពង្រីងកិច្ចសហប្រតិបត្តិការ ទៅលើវិស័យផ្សេងៗទៀត ដូចជា៖ វិស័យទេសចរណ៍ជាដើម ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីហួត និង សួង ពិសិដ្ឋ