សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ម៉ាស៊ីនស្ទូងស្រូវ ១០០គ្រឿង ចែកជូន សហគមន៍ផលិតពូជស្រូវ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាស ផ្តល់ ម៉ាស៊ីន ស្ទូងស្រូវ ១០០ គ្រឿង ចែកជូនសហគមន៍ផលិតពូជស្រូវ។ សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះ ក្នុងពិធីបិទ សន្និបាតបូក សរុប ការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

សម្តេចតេជោ បានប្រកាសថា សម្តេចនឹងផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០ គ្រឿងដល់ក្រសួងកសិកម្មដើម្បីចែកជូនទៅដល់សហគមន៍កសិកម្មដែលផលិតស្រូវពូជ។សម្ដេច ក៏បានជំរុញឱ្យផលិតពូជស្រូវផ្ការំដួលឱ្យគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការទីផ្សារ ជាពិសេសជំរុញឱ្យស្រាវជ្រាវរកពូជស្រូវដែល ធន់នឹងអាកាសធាតុ និងធន់នឹងសមាសភាពចង្រៃ។

សម្តេចតេជោមានប្រសាសន៍ទៀតថាយើងដាក់ ម៉ាស៊ីនស្ទូងស្រូវ ទៅកន្លែង ផលិតពូជស្រូវ ។កត្តាពូជ គឺជារឿងសំខាន់ ដូច្នេះយើងត្រូវជំរុញ ដើម្បីបើក ទូលាយឱ្យប្រជាពលរដ្ឋអាចដាំដុះ ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចបានទិញម៉ាស៊ីនស្ទូងស្រូវចំនួន ១០០គ្រឿង ក្នុងកំឡុងពេល ចូលរួមទស្សនាស្តង់ពិព័រណ៍ផលិតផលខ្មែរ នៅពិធីបុណ្យទន្លេ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី០៩ ខែមីនា ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

