នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍ក្រោយ

ភ្នំពេញ៖ ក្រសួងការបរទេសបានសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៣ ឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នឹង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា នៅក្នុង ព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏នឹងមាន ជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្រ្តីទាំងពីរ នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្រ្ត ថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្តប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុង វិស័យ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហា អនុតំបន់ តំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។

បន្ទាប់ពីជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះ ហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើ សន្និសីទសារព័ត៌មាន រួមគ្នា។

ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងចូលរួមជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងពិធីលៀងសាយភោជន៍ស្រាយបួសរបស់សាសនិក អ៊ីស្លាម និងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិត អាហារូបករណ៍ និងសហគមន៍អ៊ីស្លាមនៅកម្ពុជា ផងដែរ។

ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវ សន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយ នឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និងវិបុលភាព របស់សហគមន៍ អាស៊ាន និងអន្តរជាតិ ផងដែរ៕ ដោយ៖សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner