ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវិមានសន្តិភាព

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ នៅ កម្ពុជា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា អញ្ជើញធ្វើបដិសណ្ឋារកិច្ចផ្លូវការ នាព្រឹកថ្ងៃទី២៧ មីនា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ក្រោយពីធ្វើបដិសណ្ឋារកិច្ចផ្លូវការ ឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុណ សែន ដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រាប់ចាប់ពីក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។

នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ។ បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញចូលរួមជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ស្រាយបួសរបស់សាសនិកអ៊ីស្លាម និងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិតអាហារូបករណ៍ និងសហគមន៍អ៊ីស្លាមនៅកម្ពុជាផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner