ហេតុការណ៍បាក់ដីនៅអេក្វាទ័រ សម្លាប់មនុស្ស ៧នាក់ និង ៦០នាក់ទៀតកំពុងបាត់ខ្លួន
អាឡូស៊ី៖ ក្រុមអ្នកជួយសង្គ្រោះ នៅថ្ងៃទី២៧ ខែមីនានេះ បានស្វែងរកមនុស្សជាង ៦០នាក់ ដែលត្រូវបានរាយការណ៍ថា កំពុងបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីហេតុការណ៍បាក់ដីដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំងជាច្រើនខែ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់នៅភាគខាងត្បូងប្រទេសអេក្វាឌ័រ។

ក្រុមមន្ត្រីអេក្វាទ័របាននិយាយថា ការរអិលបាក់ដីបានកើតឡើងពេញមួយយប់កាលពីថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទសប្តាហ៍នេះ ដោយបានកប់ពីលើផ្ទះរាប់សិបខ្នង និងធ្វើឱ្យមនុស្ស ២៣នាក់រងរបួសនៅក្នុងភូមិ អាឡូស៊ី ក្នុងខេត្ត ឈីមបូរ៉ាហ្សូ មានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងហ្គីតូ។

ប្រធានាធិបតីអេក្វាទ័រ លោក ហ្គីល្លឺម៉ូ ឡាសូ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា ក្រុមអ្នកពន្លត់អគ្គីភ័យមកពីតំបន់ជិតខាង ត្រូវបានបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅកាន់ភូមិរងគ្រោះ ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ដោយសារសោកនាដកម្មនេះ។

លោក ឡាសូ បានជំរុញឲ្យពលរដ្ឋទាំងអស់ជម្លៀសចេញពីតំបន់រងគ្រោះជាបន្ទាន់ផងដែរ ខណៈដែលរដ្ឋាភិបាលក៏បានកៀរគរមន្រ្តីនគរបាលជាតិ កងកម្លាំងប្រដាប់អាវុធ ក្រសួងសុខាភិបាល និងកាកបាទក្រហម ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះផងដែរ។

យោងតាមលេខាធិការដ្ឋានគ្រប់គ្រងហានិភ័យ SNGR បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសអេក្វាទ័របានបណ្តាលឱ្យមនុស្ស ២២នាក់ហើយបានស្លាប់ បំផ្លិចបំផ្លាញផ្ទះសម្បែងអស់ ៧២ខ្នង និងខូចខាតលំនៅដ្ឋានជាង ៦,៩០០កន្លែង៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា