ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញដល់សភាពាណិជ្ជកម្ម និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ កម្ពុជា ផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ
(បាងកក) ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃកម្ពុជា បានស្នើសុំសភាពាណិជ្ជកម្ម ក៏ដូចជាក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ នៅក្នុងបំណងជំរុញពាណិជ្ជកម្ម និងសកម្មភាពវិនិយោគក្នុងប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តម រដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានអញ្ជើញភាគីពាក់ព័ន្ធវិស័យឯកជន នៃប្រទេសថៃ ក្រុមហ៊ុនថៃ ព្រមទាំងពាណិជ្ជករថៃ ចូលរួមក្នុងការតាំងពិព័រណ៍ផលិតផល និងនាំចូល-នាំចេញរបស់កម្ពុជាលើកទី១៧ ដែលនឹងប្រារព្ធឡើងជាប្រចាំនៅពាក់កណ្តាល ខែធ្នូ ឆ្នាំ២០២៣ និងជារៀងរាល់ឆ្នាំ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមថ្លែងសុន្ទរកថា គន្លឹះក្នុងសិក្ខាសាលាស្តីពី “ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣” (Future Direction of Trade and Investment Opportunities in Cambodia 2023) ដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក្រោយពីវិបត្តិកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែល វិនិយោគិនថៃ មានសក្តានុពលអាចស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់នៃការធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី សូមស្វាគមន៍វិនិយោគិនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ហើយសម្រាប់ធុរជនដែលមិនទាន់បានបណ្តាក់ទុននៅកម្ពុជា សូមអញ្ជើញមកស្វែងយល់ពីសក្តានុពល និងឱកាសក្នុងការវិនិយោគ ឬចូលរួមបណ្តាក់ទុនជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលកម្ពុជាសម្រេចបាន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិន នៃប្រទេសទាំងពីរពិនិត្យលទ្ធភាពវិនិយោគលើវិស័យសេដ្ឋកិច្ចចក្រា និងកសិឧស្សាហកម្មផងដែរ ។

ឯកឧត្តមរដ្ឋមន្រ្ដី បានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានបញ្ហាប្រឈមដោយសារកូវីដ-១៩ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងជាលំដាប់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំធ្វើការងារបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រឹមឆ្នាំ២០២៥ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ។

គួរបញ្ជាក់ជូនផងដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ភាគីពាក់ព័ន្ធទាំងអស់ ។ ជាការកត់សម្គាល់ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ប្រមាណ ៤,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ១៤% បើធៀបនឹងឆ្នាំ២០២១ ៕


ដោយ ង៉ាន់ ទិត្យ