ខ្សិប ជាសត្វប្រភេទជិតផុតពូជបំផុតក្នុងលោក កំពុងមានវត្តមាននៅកម្ពុជា
ភ្នំពេញ ៖ សត្វខ្សិប ( Bengal Florican )ដែល មានឈ្មោះវិទ្យាសាស្ត្រថា Houbaropsis Bengalensisជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឲ្យដឹងនៅថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០២៣ថា សត្វប្រភេទនេះវាមានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជា ភាគច្រើនរស់នៅតាមតំបន់វាលស្មៅ វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃល្បោះ និង ជាពិសេសនៅតាម តំបន់វាលស្រែ និងវាលស្មៅជុំវិញបឹងទន្លេសាប (ខេត្តសៀមរាប កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ)។

សត្វប្រភេទនេះវាមានមាឌប្រហាក់ប្រហែលនឹងមាន់ស្រុកដែរ មានម្រាមជើង បីសណ្តូកទៅមុខ មានពណ៌សម្បុរខុសគ្នារវាងសត្វឈ្មោល និងញី ដោយឈ្មោលមាន ក្បាល និងផ្នែក ពោះពណ៌ខ្មៅ ចុងស្លាបស និងខ្នងពណ៌ត្រសក់ រឺឯញីមានដងខ្លួនពណ៌ត្រសក់ ក្បាលឆ្នូតខ្មៅ និងពោះ ពណ៌ស។ វាជាប្រភេទសត្វស្លាបដែលមិនអាចទុំលើមែកឈើបាន ហើយតែងហើរបង្អួតទាក់ទាញគ្នានៅ រដូវបន្តពូជ ជាពិសេសខ្សិបឈ្មោល និងមានពងតែ១-២ប៉ុណ្ណោះ។
ខ្សិប មានវត្ដមានតែបីប្រទេសប៉ុណ្ណោះ លើពិភពលោកគឺ ឥណ្ឌា នេប៉ាល់ និងកម្ពុជាយើង ហើយវត្តមានខ្សិបនៅកម្ពុជា មានចំនួនច្រើនជាងគេបំផុត ដែលរហូតដល់ប្រមាណជា ៧០% នៃចំនួនសរុបលើពិភពលោក ៕

ដោយ ៖ ម៉ាដេប៉ូ