ស្ថាប័នរដ្ឋ និងអង្គការ AIP សហការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោល ស្តីពី “សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង”

ភ្នំពេញ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) សហការជាមួយស្ថាប័នរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលនៅតាមរោងចក្រ ស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” ដែលវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធី “បង្ការ និងបង្កើនការចូលរួម” ក្រោមការគាំទ្រថវិកាពីក្រុមហ៊ុនសាជីវកម្ម វីអេហ្វ (VF Corporation)។

វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរបស់ប្រទេសកម្ពុជា ក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ មានកំណើនគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះរួមមានគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន។ ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០០.០០០នាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យ ក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់ដល់គ្រួសារខ្លួន។

អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាប្រមាណជាង ២០% គឺជាកម្មករនិយោជិត (គ្រប់វិស័យ និងទាំងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំគឺជា ស្រ្តី។ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនេះ ឱ្យមានស្ថានភាពកាន់តែប្រសើរឡើង និងមាន ប្រសិទ្ធភាពនៅកម្រិតរោងចក្រដៃគួ អង្គការមូលនិធិបង្ការរបួសអាស៊ីបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរាជរដ្ឋាភិបាល និងដៃគួពាក់ព័ន្ធនានា រួមទាំងរោងចក្រគោលដៅមួយចំនួន ក្នុងការអនុវត្តសកម្មភាពនានា សំដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅក្នុងប្រទេសកម្ពុជាពេលធ្វើដំណើរទៅមកបំពេញការងារ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះទៀតសោត អង្គការមូលនិធិបង្ការរបួសអាស៊ីរំពឹងថា ជនបង្គោលសុវត្ថិភាពចរាចរណ៍ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងបង្កើនចំណេះដឹងអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ និងជំនាញសម្របសម្រួលមានសមត្ថភាពធ្វើការផ្សព្វផ្សាយអប់រំបណ្តុះបណ្តាល និងចែករំលែកបន្តយ៉ាងសកម្ម និងទូលំទំលាយដល់កម្មករនិយោជិតនៅរោងចក្ររបស់ពួកគេ៕

ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner