នាយករដ្ឋមន្ត្រីចិនព្រមានពី «ភាពចលាចល និងជម្លោះ» នៅអាស៊ី
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក លី កាង (Li Qiang) បាននិយាយក្នុងវេទិកា Boao សម្រាប់អាស៊ីប្រចាំឆ្នាំនៅថ្ងៃទី ៣០ ខែមីនាថា អាស៊ីត្រូវតែជៀសវាង «ភាពវឹកវរ និងជម្លោះ» បើមិនដូច្នេះទេ អនាគតក្នុងតំបន់នឹងត្រូវបាត់បង់។
លោកបានថ្លែងយ៉ាងដូច្នេះ ទៅកាន់ទស្សនិកជនអន្តរជាតិដែលរួមមានទាំងមេដឹកនាំនយោបាយ និងអ្នកជំនួញ ហើយបានបន្ថែមទៀតថា ចិនអាចជា «យុថ្កាសម្រាប់សន្តិភាពពិភពលោក» និងជាស្ថិរភាព ហើយនឹងបន្តការធ្វើកំណែទម្រង់ និងការបើកចំហរ។
លោកថ្លែងថា ៖ «ក្នុងពិភពលោកដែលមិនច្បាស់លាស់នេះ ភាពប្រាកដប្រជាដែលចិនផ្តល់ជូនគឺជាយុថ្កាសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។ នេះជាករណីកន្លងមក ហើយនឹងនៅតែមាននៅពេលអនាគត»។
ជាមួយនឹងការព្រមានរបស់លោក លី នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រីKristalina Georgieva ដែលចូលរួមក្នុងវេទិកាតែមួយដែរនោះ បាននិយាយនៅព្រឹកថ្ងៃទី៣០ ខែមីនា ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីជម្នះបញ្ហាដូចជាការបែកបាក់ពាណិជ្ជកម្ម និងស្វែងរកដំណោះស្រាយដើម្បី «ពង្រឹងពាណិជ្ជកម្មអន្តរជាតិឡើងវិញដោយសមធម៌ និងធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់»។
ទោះបីជាទិន្នន័យបង្ហាញថាសេដ្ឋកិច្ចចិនមានភាពត្រដាបត្រដួសក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ ២០២៣ ក៏ដោយ លោក លី បាននិយាយថា ចិនកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញពីវិបត្តិកូវីដ។ លោកបន្ថែមថា ៖ «ចិននឹងបន្តស្វែងរកការរីកចំរើន ខណៈរក្សានូវស្ថិរភាព បង្រួបបង្រួម និងពង្រីកសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ច និងជំរុញការធ្វើឱ្យប្រសើរឡើងជារួមជាបន្តបន្ទាប់នៃដំណើរការសេដ្ឋកិច្ចរបស់ប្រទេស»។ គួរបញ្ជាក់ថា វេទិកា Boao សម្រាប់អាស៊ីប្រចាំឆ្នាំលើកនេះ មានការចូលរួមពីមេដឹកនាំផ្នែកជំនួញរាប់សិបនាក់ រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Apple លោក Tim Cook នាយកប្រតិបត្តិហិរញ្ញវត្ថុ HSBC លោក Noel Quinn និងស្ថាបនិកក្រុមហ៊ុនវិនិយោគ Blackstone គឺលោក Stephen Schwarzman។ មេដឹកនាំនយោបាយដែលចូលរួមក្នុងវេទិកាដដែល រួមមាននាយករដ្ឋមន្ត្រីអេ
ស្ប៉ាញ លោក Pedro Sánchez ដែលនឹងក្លាយជាប្រធានសហភាពអឺរ៉ុបក្នុងខែកក្កដាខាងមុខ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ។
វេទិកានេះ បានរៀបចំឡើងចំពេលដែលចិនប្រឈមមុខនឹងការប្រកួតប្រជែងដ៏ក្តៅគគុកជាមួយសហរដ្ឋអាមេរិក ទាំងផ្នែកពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយ៕
ដោយ៖ហួន ឌីណា