ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ កម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងទឹកដីទាំងស្រុង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល បានបញ្ជាក់ថា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ កម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងទឹកដីទាំងស្រុង ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសឡើងវិញលើគ្រប់វិស័យ ជាពិសេសការកសាងឡើងវិញនូវធនធានមនុស្ស ដោយចាប់ផ្តើមពីបាតដៃទទេ។ ពេលនោះ យើងមិនមានធនធានគ្រូបង្រៀនគ្រប់គ្រាន់ ដើម្បីបង្រៀនដល់កុមារ និងប្រជាជនដែលទើបត្រូវបានរំដោះចេញពីរបបប៉ុល ពត ដោយសារអ្នកចេះដឹង និងបញ្ញវន្តស្ទើរទាំងអស់ត្រូវបានសម្លាប់ ហើយមិនតែប៉ុណ្ណោះ យើងក៏បានជួបប្រទះនូវការខ្វះខាតស្ទើរគ្រប់បែបយ៉ាង ទាំងថ្នាក់រៀន តុ កៅអី ក្តារខៀន និងសូម្បីតែដីស។ ដូច្នេះក្នុងដំណាក់កាលនោះ គឺយើងអាចបានត្រឹមតែអនុវត្តនូវគោលនយោបាយ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ» តែប៉ុណ្ណោះ ដើម្បីដោះស្រាយជាបន្ទាន់នូវ «គ្រោះមិនចេះអក្សរ» នៅក្នុងសង្គមជាតិយើង។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាសមាជិក សមាជិកាគណបក្ស ក្រោមឱវាទមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ពិតណាស់ ភាពសុខសាន្តត្រាណដូចពេលបច្ចុប្បន្ន គឺបានកើតចេញពីការលះបង់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងស្ថិតនៅជាមួយប្រជាពលរដ្ឋ និងនៅតែបន្តធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវសុខសន្តិភាព សេរីភាព វិបុលភាព និងវឌ្ឍនភាព សម្រាប់ប្រជាជន និងប្រទេសដ៏កំសត់របស់យើង ដែលធ្លាប់ទទួលរងវិនាសកម្ម និងជម្លោះបែកបាក់ជាច្រើនសតវត្សរ៍កន្លងមកហើយ។ ឯកឧត្តមបណ្ឌិតបានលើកឡើងថា រាជរដ្ឋាភិបាលក្រោមរដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាសដែលកុមារកម្ពុជាគ្រប់រូបៗត្រូវទទួលបានដូចៗគ្នា។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលបានខិតខំពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស។ រាជរដ្ឋាភិបាល ក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ និងការកែទម្រង់ជាច្រើន ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដូចជា ផែនការយុទ្ធសាស្រ្តវិស័យអបរំ ឆ្នាំ២០១៩-២០២៣ ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជាឆ្នាំ២០៣០ និងជាពិសេសការកែទម្រង់ការប្រឡងក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជាពិសេសចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹង ចំណេះធ្វើ ជំនាញ និងសីលធម៌ ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា សម្រាប់ពេលបន្តទៅមុខទៀត ក៏នឹងមានបន្ថែមនូវការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ជាពិសេសការផ្តោតសំខាន់ទៅលើការអប់រំជំនាន់ថ្មី ដោយមានការដាក់បញ្ចូលកម្មវិធីសិក្សាតាមបែបវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងអភិបាលកិច្ចក្នុងវិស័យអប់រំចំណេះដឹងទូទៅ។ ស្របពេលនឹងការគិតគូរបង្កើនថវិកាសម្រាប់វិស័យអប់រំដល់ទៅជាង១១% ធៀបនឹងឆ្នាំ២០២២រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងផ្សារភ្ជាប់ការពង្រឹងអភិបាលកិច្ចនេះ ទៅនឹងការពង្រឹងសមត្ថភាព គុណវុឌ្ឍិ និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ ក៏ដូចជានាយក និងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការពង្រឹងការធ្វើអធិការកិច្ច និងការដាក់ចេញនូវប្រព័ន្ធលើកទឹកចិត្តដែលផ្អែកលើសមិទ្ធកម្មការងារ និងគុណាធិបតេយ្យ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលកើតមានឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងអង្គការចាត់តាំងចំណុះគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងបុព្វហេតុឥតងាករេ គឺការបម្រើប្រជាជន និងកសាងប្រទេសជាតិឱ្យរីកចម្រើនរុងរឿងយូរអង្វែងតទៅ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត





