ការទទួលសញ្ញាបត្រនៅពេលនេះ មិនមែនបញ្ចប់ការសិក្សា​នោះទេ គឺរៀនពេញមួយជីវិត

ភ្នំពេញ៖ ការផ្តល់ជូនសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅពេលនេះ គឺជាការទទួល​ស្គាល់សមត្ថភាពសិស្ស១២ឆ្នាំ ដែលប្រើពេលវេលា យ៉ាងយូរទំរាំសម្រេច​បានជោគជ័យ​មួយជំហាន​នេះ។ សមត្ថភាពប្រើអស់កម្លាំងកាយចិត្ត បូករួមទាំងការលើកទឹកចិត្តពីអណា​ព្យាបាល និងសាលាផងនោះ បានធ្វើអោយសិស្ស១,៧៦៩រូប បន្តបោះជំហាន ចាប់យកមហា​វិទ្យាល័យ​ដែលខ្លួនពេញចិត្ត នឹងជំនាញរបស់ខ្លួន។

ការទទួលយកសញ្ញាប័ត្រដោយភាពជឿជាក់ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិប៊ែលធីជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៧ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២១-២០២២ ទទួលសញ្ញាប័ត្រផ្ទាល់ពីឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងលោកជំទាវ។ ការទទួលស្គាល់សមត្ថភាពសិស្សជាប់ទី១២នៅពេលនេះ គឺជាការបន្តជំហាន កសាងធនធានមនុស្សប្រកបដោយភាពជឿជាក់។ ជឿជាក់ថា ពួកគាត់នឹងបន្តការសិក្សារបស់ខ្លួនទៀត ដើម្បីសង្គមជាតិកម្ពុជា បង្កើតសមិទ្ធផលសន្តិភាព។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា បើទោះជាសាលា ប៊ែលធី អន្តរជាតិកំពុងដំណើរការសាងសង់សាខាក៏ដោយ ប៉ុន្តែវិន័យ គុណភាពអប់រំ ពង្រឹងសមត្ថភាពសិស្ស សាលាមិនដែលធ្វេប្រហែសឡើយ ដើម្បីកម្ពុជាមានធនធានមនុស្សសំបូរបែប។ គិតត្រឹមឆ្នាំ ២០២២ សាលា ប៊ែលធីអន្តរជាតិ មានសិស្សថ្នាក់ទី ១២ ទទួលបានចំណាត់ថា្នក់ និទ្ទេស A មានចំនួន ២៧៨នាក់ មានសិស្សពូកែទូទាំងរាជធានី ចំនួន ៩០នាក់ និងទូទាំងប្រទេស ចំនួន ២០នាក់។ ចំពោះសិស្សដែលបាន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុង វែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក  (Download) ប្រើប្រាស់ជាផ្លូវការ។

ឯកឧត្តមបណ្ឌិត លី ឆេង ថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។ ឯកឧត្តម លើកទឹកចិត្តសិស្សទាំងអស់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាននិងពិភពលោក ជាពិសេស ដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម៤.០។

ឯកឧត្តម បណ្ឌិត លី ឆេង និង លោកជំទាវ ផ្តល់កិត្តិយសជាសង្ខីភាព អបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ១,៧៦៩នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner