សម្តេចតេជោ ហ៊ុន សែន ទទួលយកលោក សែម ហាក់ និងផ្តល់ឋានៈជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលយកលោក សែម ហាក់ អតីតអគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា “បន្ទាប់ពីលោកបណ្ឌិត សាម អ៊ីន ខ្ញុំទើបបានទទួលពាក្យ ស្នើសុំពីលោក សែម ហាក់ អតីតអគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលទើបចាកចេញសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ យើងពេញចិត្តនិងទទួលយក និងប្រគល់ការងារនៅក្រសួងបរិស្ថាន ក្នុងឋានៈជាអនុរដ្ឋលេខាធិការ។
លោក សែម ហាក់ ធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក សែម ហាក់ បានធ្វើលិខិតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣នេះ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សែម ហាក់ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា លោកបានស្វែងយល់អំពីគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសគោលនយោបាយអភិវឌ្ឍ ប្រកបដោយចីរភាព (ចតុកោណទី៤ នៃយុទ្ធសាស្ត្រចតុកោណ) និងការងាររបស់ក្រសួងបរិស្ថានលើការគ្រប់គ្រងតំបន់ការពារធម្មជាតិទូទាំងប្រទេស។ លោកមានទឹកចិត្តចង់ចូលរួមជួយការងារក្រសួងបរិស្ថាន ដោយសារលោកធ្លាប់មានបទពិសោធន៍ជាមួយយុវជន ហើយលោកពេញចិត្តលើកិច្ចការទាំងនេះ។ អាស្រ័យហេតុនេះ លោកសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានឱកាសចូលបម្រើការងារជួយរាជរដ្ឋាភិបាលក្នុងក្រសួងបរិស្ថាន ក្នុងការរួមចំណែកលើការ អភិរក្ស និងការការពារតំបន់ធម្មជាតិ៕
ដោយ៖ ពលជ័យ


