សមាគមចំនួនបី ដែលធ្វើការលើវិស័យសារព័ត៌មាន នឹងរៀបចំការប្រកួតដណ្ដើមពាន រង្វាន់អ្នកសរសេរអត្ថបទព័ត៌មានល្អ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សមាគមចំនួនបីដែលធ្វើការលើវិស័យសារព័ត៌មាន បានសហការរៀបចំការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​អ្នក​សរសេរ​អត្ថបទ​ព័ត៌មាន​ល្អប្រចាំឆ្នាំ២០២៣ ដើម្បីជាឱកាសឱ្យអ្នកសារព័ត៌មានទាំងអស់ អាចបញ្ចេញស​មត្ថ​ភាពក្នុងការសរសេរអត្ថបទ​ព័ត៌មានរបស់ខ្លួនឲ្យកាន់តែមានគុណភាព​សម្រាប់អ្នកអាន។

សមាគមរៀបចំការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់នេះ​រួមមាន ​សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា (CJDS), សមាគមសម្ពន្ធសារព័ត៌មានគេហទំព័រកម្ពុជា (CNA) និងសមាគមសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)។ នេះ​បើយោងតាមសេចក្ដីជូនដំណឹងរបស់សមាគមទាំងបីនេះ កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ការប្រកួតប្រជែងនេះ នឹងប្រព្រឹត្តទៅដោយមានការបែងចែកជា២វគ្គ ក្នុងនោះមាន​វគ្គជម្រុះលើអត្ថបទ និង​វគ្គផ្ដាច់ព្រាត់ ដោយមានការ​សួរដេញដោល និងការពារលើអត្ថបទដោយផ្ទាល់មាត់ ដែលមានគណៈកម្មការវិនិច្ឆ័យចំនួន ៥រូប ដែលចូលមកវាយតម្លៃ និងកាត់សេចក្ដី។

​អ្នកសារព័ត៌មាន មន្ត្រីអ្នកនាំពាក្យ លោកគ្រូ-អ្នកគ្រូ និងសិស្សនិស្សិត ដែលមានបំណងចង់ចូលរួមប្រកួត អាចទំនាក់ទំនងមកកាន់ស្នាក់ការសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា (CJDS) ឬទំនាក់ទំ​ន​ងតា​មរយៈប្រព័ន្ធតេលេក្រាម ០៩៦ ៦៥០ ៩៩៩៩។

​លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា (CJDS) បានប្រាប់ឱ្យដឹងនៅ​ថ្ងៃទី៣ ខែមេសាថា នេះជាលើកទីមួយហើយ ដែលសមាគមទាំងបីបានសហការគ្នារៀបចំប្រកួតពានរ​ង្វា​ន់អ្នកសរសេរអត្ថបទព័ត៌មានល្អប្រចាំឆ្នាំ២០២៣នេះ។

​លោកបន្តថា ការផ្ដល់ពានរង្វាន់កន្លងមក ​គ្រាន់តែមើលទៅលើសមត្ថភាព ស្នាដៃ និងការខិតខំប្រឹងប្រែងរ​បស់ពួកគាត់ រួចហើយការធ្វើវាយតម្លៃ និងឱ្យពាននៅក្នុងក្របខ័ណ្ឌសមាគម។

លោក​ ហោ គន្ធា បានបញ្ជាក់ថា ពេលនេះ សមាគមទាំងបី បានសហការគ្នារៀបចំប្រកួតពានរង្វាន់អ្ន​កសរសេរអត្ថបទព័ត៌មានល្អប្រចាំឆ្នាំ២០២៣នេះវាជាការប្រកួតប្រជែងលើកទី១ និងជាការប្រកួតប្រជែងបែបលក្ខណៈទូទៅផងដែរ»។

​លក្ខណៈនៃការចូលរួមប្រកួត​នេះ ​សមាគមមានការបែងចែកសមាភាពរួមមាន៖ បេក្ខជនត្រូវតែអ្នកសារព័ត៌មាន នៅតាមបណ្ដាស្ថាប័នសារព័ត៌មានផ្សេងៗ និងមន្ត្រីអ្នកនាំពាក្យដែលធ្វើការនៅនាយកដ្ឋានព័​ត៌មាន ហើយក៏ផ្ដល់ឱកាសទៅដល់លោកគ្រូ-អ្នកគ្រូ ដែលអាចចូលរួមប្រគួតផងដែរ ពីព្រោះពួកគាត់ក៏ជាអ្នកដែលបានអប់រំមនុស្សទូទៅ។សម្រាប់​​និស្សិត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាផ្នែកវិស័យសារព័ត៌មាន ​ក៏អាចចូលរួមប្រកួ​តផងដែរ។ បើតាមលោក ហោ គន្ធា បញ្ជាក់។

​សម្រាប់ប្រធានបទនៃការប្រកួត គឺផ្ដោតសំខាន់ទៅលើសមទ្ធិផល ការអភិវឌ្ឍ ក្នុងសម័យតេជោសន្តិភាព ដែលសមាគម​ក៏មានការបែងចែកប្រភេទអត្ថបទជា៣ប្រភេទសំខាន់ៗសម្រាប់ឲ្យបេក្ខជនដែលចូលរួមប្រកួតទាំងអស់ជ្រើសរើសសរសេរផងដែរ ដូចជា បទវិចារណកថា,  បទពិពណ៌នា និងអត្ថបទស៊ើបអង្កេត។

​ជុំវិញការ​ប្រកួតអត្ថបទនេះ ​ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់​ថា ​ការបង្កើតកម្មវិធីនេះ​ ជាគំនិតផ្តួចផ្តើមមួយដ៏ល្អ ដោយសារការប្រកួតនេះអាចជាចលនាប្រឡងប្រណាំងមួយដែលជួយជំ​រុញលើកទឹកចិត្តដល់អ្នកសារព័ត៌មានឲ្យខិតខំពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត។

បន្ថែមពីនេះឯកឧត្តមថា ការប្រកួតនេះ ក៏អាចជាការផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានបង្ហាញពីស្នាដៃ និ​ង​សមត្ថភាពរបស់ខ្លួនដល់សាធារណជន និងអាចជាការរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅក​ម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

ឯកឧត្តម មាស សុភ័ណ្ឌ បានថ្លែងថា៖ «ខ្ញុំយល់ឃើញថា នេះជាគំនិតផ្តួចផ្តើមមួយដ៏ល្អ ដោយសារការប្រកួត​នេះអាចជាចលនាប្រឡងប្រណាំងមួយដែលជួយជំរុញលើកទឹកចិត្តដល់អ្នកសារព័ត៌មានឲ្យខិតខំពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីសរសេរអត្ថបទព័ត៌មានរបស់ខ្លួនឲ្យកាន់តែមានគុណភាព និងការជឿទុកចិត្តពីអ្នកអាន»។

បើតាមលោក ហោ គន្ធា ​ចំពោះការដាក់ពាក្យចូលរួមប្រកួត​នេះ ​បេក្ខជនមានរយៈពេល៣០ថ្ងៃ ដែលអាចមកទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ​ ហើយរាល់ពាក្យដែលបេក្ខជនត្រូវដាក់ នឹងមានភ្ជាប់ជាមួយនូវស្នាដៃអត្ថបទព័ត៌មានរបស់ខ្លួនផងដែរ។

បន្ទាប់មកក្រោយពីបញ្ចប់ការទទួលពាក្យតាមកាលកំណត់ពីបេក្ខជនអស់ហើយ សមាគមទាំង៣ នឹងរៀបចំទិន្នន័យពាក្យទាំងនោះ ដើម្បីដាក់ឲ្យគណៈកម្មការវាយតម្លៃលើអត្ថបទ​ ហើយការប្រកាសលទ្ធផ​លនឹង​កំណត់នៅពេលក្រោយ​ទៀត៕

ដោយ៖ជា សុខនី

ads banner