វិស័យធនាគារនៅកម្ពុជាមានទ្រព្យសម្បត្តិសរុប ៦៧,៩ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០២២

ភ្នំពេញ៖ លោក ឃឹម សម្បូណ៌រតនា ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA បានឱ្យដឹងថា វិស័យធនាគារនៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទ្រព្យសម្បត្តិសរុបចំនួន ៦៧,៩ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០២២។ ក្នុងនោះមានធនាគារពាណិជ្ជចំនួន ៦០ កំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដែលបម្រើសេវាដល់ប្រជាជនចំនួន១៧លាននាក់។

លោក ឃឹម សម្បូណ៌រតនា បន្តថា ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន បណ្តាធនាគារបានខិតខំបង្កើតផលិតផលផ្សេងៗជាច្រើន។ ខណៈដែលវិស័យធនាគារមានការរីកចម្រើនខ្លាំង បញ្ហាប្រឈមមួយចំនួនក៏កើតមានឡើងដូចគ្នា មានដូចជា៖ លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់រូបវន្តបុគ្គល និងអាជីវកម្មខ្នាតតូចនៅមានកម្រិត, កង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមក្រុមប្រជាពលរដ្ឋមួយចំនួន និងការក្លែងបន្លំ ឬឧក្រិដ្ឋកម្មតាមអ៊ីនធើណិត។

លោកបន្ថែមថា ឆ្លើយតបនឹងបញ្ហាទាំងនេះ វិស័យធនាគារត្រូវការការចូលរួមសកម្មពីប្រព័ន្ធផ្សព្វផ្សាយ មានដូចជាសុក្រឹតភាព និងវត្ថុបំណង ដើម្បីឱ្យមានភាពសុក្រឹត (ត្រឹមត្រូវ) និងមានគោលបំណងជាក់លាក់ ក្នុងការរាយការណ៍របស់ពួកគេ ជាពិសេសនៅពេលនិយាយអំពីព័ត៌មានហិរញ្ញវត្ថុ។ (ស្រាវជ្រាវ ពិនិត្យអង្គហេតុ និងប្រភពព័ត៌មាន)។ ការយល់ដឹងអំពីពាក្យបច្ចេកទេសហិរញ្ញវត្ថុ៖ ត្រូវមានការយល់ដឹងអំពីភាសាហិរញ្ញវត្ថុឱ្យបានច្បាស់ ដើម្បីអាចពន្យល់ព័ត៌មានហិរញ្ញវត្ថុតាមរបៀបដែលងាយស្រួល សម្រាប់អ្នកអានយល់។

ចំណេះដឹងផ្នែកឌីជីថល៖ ដើម្បីស្គាល់ឧបករណ៍ឌីជីថល និងវេទិកាដែលអាចជួយដល់ការស្រាវជ្រាវ រាយការណ៍ និងបោះពុម្ពផ្សាយព័ត៌មានហិរញ្ញវត្ថុ។ បន្ថែមលើនេះ លោក ឃឹម សម្បូណ៌រតនា ក៏បានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់វិស័យធនាគារនៅកម្ពុជាផងដែរ ក្នុងនោះមានការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីអប់រំសាធារណៈជនអំពីផលិតផលហិរញ្ញវត្ថុ សេវាកម្ម និងឱកាសវិនិយោគថ្មីៗ។

ម្យ៉ាងវិញទៀត ការលើកកម្ពស់ការយល់ដឹង អំពីបរិយាប័នហិរញ្ញវត្ថុក៏ជារឿងចាំបាច់ផងដែរ ដើម្បីលើកទឹកចិត្តដល់រូបវន្តបុគ្គល និងអាជីវកម្មឱ្យស្វែងរកហិរញ្ញប្បទានពីវិស័យហិរញ្ញវត្ថុផ្លូវការ និងស្វែងយល់បន្ថែមអំពីប្រភពមូលនិធិដែលអាចរកបាន។ និងចំណុចជាចុងក្រោយ គឺការលាតត្រដាងអំពើក្លែងបន្លំ និងឧក្រិដ្ឋកម្មតាមអ៊ីនធើណិតនៅក្នុងវិស័យធនាគារ។
សូមបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោក ឃឹម សម្បូណ៌រតនា ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA ធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ចំណេះដឹងជាមូលដ្ឋាន ស្តីពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងធានារ៉ាប់រង ដល់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំពេញ៕

ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner