សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា ដែលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅព្រឹកថ្ងៃទី៥មេសា ត្រូវបានឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ ធ្វើគារវកិច្ចស្វាគមន៍យ៉ាងរ៉ាក់ទាក់
វៀងចន្ទន៍៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីវៀងចន្ទន៍ ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ដែលគ្រោងប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី៥មេសា ។

យន្តហោះពិសេសរបស់កម្ពុជា ជើងហោះហើរលេខ KOC01 បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវត្តី រដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១០និង៥នាទី។ វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ ពីសំណាក់ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាច្រើនរូប។

តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៥មេសា សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញទទួលទានអាហារពេលព្រឹកការងារ ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម មុននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ។
ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ដែលធ្វើឡើងនៅប្រទេសឡាវ នាថ្ងៃទី០៥ ខែមេសា ក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។ គណៈកម្មការទន្លេមេគង្គ (MRC) គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលបំពេញការងារ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការជុំវិញ ការអភិវឌ្ឍ និងគ្រប់គ្រងតំបន់អាងទន្លេមេគង្គប្រកបដោយចីរភាព។ សមាជិករបស់គណៈកម្មការនេះ រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម៕




អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ