វីតាល់ចូលរួមឧបត្ថម្ភថវិកា និងសម្ភារដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
ភ្នំពេញ៖ ជំហានដំបូងនៃគម្រោងរវាងវីតាល់ជាមួយអាស៊ានប៉ារ៉ាហ្គេម បានផ្តល់ជូនថវិកា និងសម្លៀកបំពាក់ហ្វឹកហាត់ជូនកីឡាករកីឡាការិនីបាល់ទះអង្គុយ និងបាល់បោះជិះរទេះ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រោមកញ្ចប់បូរេប្រទាននៃមូលនិធិ២៥រៀល ដែលជាការបរិច្ចាគរបស់អ្នកប្រើប្រាស់ទឹកពិសាវីតាល់។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍កោតសសើរនូវគំនិតផ្តួចផ្តើម និងការគាំទ្ររបស់វីតាល់ ជាមួយកីឡាករកីឡាការនីប៉ារ៉ាហ្គេម ក្នុងកំឡុងពេលហ្វឹកហាត់ត្រៀម សម្រាប់ការប្រកួតដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមអគ្គលេខាធិការបន្ថែមថា កាយវិការនៃការចូលរួមរបស់វីតាល់នាពេលនេះ បានបង្ហាញពីសាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹងនៃវិស័យឯកជន ដែលជាកម្លាំងចលករនៃសេដ្ឋកិច្ច ចូលរួមគាំទ្រដល់កីឡាករ កីឡាការិនីរបស់យើង ក្នុងការហ្វឹកហាត់ត្រៀមប្រកួត និងយកជ័យជំនះជូនជាតិមាតុភូមិរបស់យើង។

លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានបញ្ជាក់ថា គោលបំណងជារួម នៃការរៀបចំកម្មវិធីពេលនេះ គឺបង្ហាញពីការគាំទ្ររបស់វីតាល់ ក្នុងនាមជាវិស័យឯកជន ក៏ដូចជាប្រជាជាតិខ្មែរគ្រប់រូប ដែលមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ លោក ហេង វ៉ាន់សាក់ បន្ថែមថា វីតាល់ក៏ទទួលបានការទទួលស្គាល់ជាដៃគូគាំទ្រ ដោយមោទកៈនៃយុទ្ធនាការ Beyond The Games នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការចូលរួមផ្សព្វផ្សាយការសាទរស៊ីហ្គេម ២០២៣ ជាមួយការចេញសំបកឡាប៊ែលស៊ីហ្គេមរចនាឡើងយ៉ាងពិសេស សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា។

នាឱកាសនោះដែរ តំណាងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) អញ្ជើញគណៈប្រតិភូកីឡា នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ធ្វើទស្សនកិច្ចរោងចក្រផលិតទឹកពិសាវីតាល់ក្នុង «គម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម» ដែលបានរៀបចំឡើងក្នុងគោលបំណងបង្ហាញការគាំទ្រ និងសេចក្តីស្រលាញ់ចេញពីបេះដូង ក្នុងស្មារតីខ្មែរតែមួយពីវីតាល់ តាមរយៈការចូលរួមគាំទ្រជាសម្ភារ និងថវិកា ដើម្បីបានជួយសម្រួលតម្រូវការចាំបាច់របស់បងប្អូនកីឡាករ កីឡាការិនី ដែលកំពុងហ្វឹកហាត់យ៉ាងសកម្មសម្រាប់ត្រៀមប្រកួតអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខនេះ៕


រូបភាព៖ ហ្វ្រេសញូ ដោយ៖ ឈឹម ទីណា