អាគារកម្ពស់ ៣ជាន់ជាជំនួយឥតសំណង ជប៉ុន តាមរយៈគម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បេះដូងមាស បានដំណើរការសាងសង់
ភ្នំពេញ ៖ អាគារថ្មីមួយខ្នងកម្ពស់ ៣ជាន់ ជាជំនួយឥតសំណងរបស់ប្រជាជនជប៉ុន និង រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការហើយ ។

លោក ស្រី ហ៊ូ សិទ្ធសោភាល័យ នាយិកា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានប្រសាសន៍ឲ្យដឹងថា អាគារថ្មីមួយខ្នងមានកម្ពស់៣ជាន់បានសាងសង់នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលស្ថិតក្រោមជំនួយឥតសំណងរបស់ប្រជាជនជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បេះដូងមាស ដែលមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) បានធ្វើពិធីក្រុងពាលី ចុះបឋមសិលា។

លោកស្រីថា សំណង់ថ្មីដែលមានកម្ពស់ ៣ជាន់នេះ ការសាងសង់មានគម្រោង ៣ឆ្នាំ មានការបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី ១ សាងសង់ជាន់ផ្ទាល់ដី ឆ្នាំទី២ សាងសង់ជាន់ទី១ និងឆ្នាំទី៣ សាងសង់ជាន់ទី២ នឹងមានការបំពាក់សម្ភារបរិក្ខារផងដែរ។

គួររំឭកផងដែរថា អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ជប៉ុនមួយនេះ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍវិទ្សាស្ថានជាតិអប់រំកាយ និងកីឡាឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាតាំងពីឆ្នាំ២០១៩មក ដែលជាគម្រោងជំហានទី១ ដោយទទួលបានលទ្ធផលជាទីគាប់ប្រសើរ។ បច្ចុប្បន្ន អង្គការជប៉ុនមួយនេះបាន និងកំពុងបន្តជួយជ្រោមជ្រែងក្រសួងអប់រំ យុវជន និងកីឡាសម្រាប់អភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបន្ថែមទៀតដែលស្ថិតនៅក្នុងគម្រោងជំហានទី២ ៕


អត្ថបទ៖ ជាវ ចន្ធូ រូបភាព ជីម ភារ៉ា