ឯកអគ្គរាជទូតអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរាជទូតអូស្ត្រាលីវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលជាង១៥ឆ្នាំកន្លងទៅនេះ លើវិស័យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសកាអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ការវាយតម្លៃនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣។ ក្នុងអំឡុងនៃរីករាយដាលនៃជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អ ដោយមានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ៣ឆ្នាំឡើងទៅ។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា ប្រទេសទាំងពីរមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងនោះក៏មានដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនានាពីសមាជិកសភាអូស្រ្តាលី មកកាន់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរាជទូត បានប្រសិទ្ធពរជូនប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេមលើកទី៣២ និងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឲ្យទទួលបានជោគជ័យ។

ឯកឧត្តមឯកអគ្គរាជទូតមានជំនឿថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានោះ ឯកឧត្តមនឹងខិតខំរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម ធុរៈកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវិស័យដោះមីន។

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណ និងដឹងគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិ និងការស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា។ ជាមួយគ្នានោះ សម្តេចក៏បានអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់កម្ពុជា រួមមាន៖ ជំនួយអភិវឌ្ឍន៍ផ្លូវការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម កសិកម្ម នេសាទ ធនធានទឹក អភិបាលកិច្ច អប់រំ សុខាភិបាល។ ការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត បណ្ឌិត សម្រាប់និស្សិត និងមន្រ្តីរាជការកម្ពុជា ទៅសិក្សានៅប្រទេសអូស្រ្តាលី។ ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដំណើរការស្តារសង្គម-សេដ្ឋកិច្ច ឡើងវិញពីវិបតិ្តកូវីដ-១៩។ សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពីទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី ដែលមានប្រវត្តិទំនាក់ទំនងជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនងដ៏ល្អនេះ ត្រូវបានថែរក្សាពូនជ្រុំរហូតមកដល់បច្ចុប្បន្ន។ ឆ្នាំ២០២២កន្លងទៅនេះ ប្រទេសទាំងពីរបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតដ៏ឧឡារឹក និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះការកើនឡើងនៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងជានិច្ច។ ជាមួយគ្នានោះ សម្តេចបានបានស្នើឯកឧត្តមឯកអគ្គរាជទូតជួយចលនា លើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរអូស្រ្តាលីមកបណ្តាក់ទុនវិនិយោគ និងទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាអូស្រ្តាលីមានទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការល្អជាមួយគ្នា ដោយបានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងគាំទ្រគ្នានៅក្នុងក្របខ័ណ្ឌអន្តរសភា។ ជាមួយគ្នានោះព្រឹទ្ធសភាកម្ពុជាក៏បានបង្កើតក្រុមមិត្តភាពជាមួយសភាអូស្រ្តាលីផងដែរ។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជាសភាអូស្រ្តាលី ដែលបានផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងវគ្គបណ្តុះបណ្តាលកិច្ចការសភាដល់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងមន្ត្រីសភាកម្ពុជា នៅប្រទេសអូស្ត្រាលី។ តាមរយៈឯកឧត្តមឯកអគ្គរាជទូត សម្តេចបានស្នើឱ្យជួយជំរុញព្រឹទ្ធភាអូស្រ្តាលីដើម្បីបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាលើកិច្ចការសភានៅព្រឹទ្ធសភាអូស្រ្តាលី។ សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរាជទូត ក៏ដូចជាស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

សម្តេប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរាជទូត មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតដ៏ខ្ពង់ខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner