ក្រុមហ៊ុនចិននឹងបញ្ជូនអ្នកជំនាញពិនិត្យគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតនៅកម្ពុជា នៅចុងខែនេះ
ភ្នំពេញ៖ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន(China Civil Engineering Construction Corporation) [CCECC] នឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់កម្ពុជានៅចុងខែនេះ ដើម្បីពិនិត្យគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត ដោយយកទឹកពីទន្លេមេគង្គមកចែកចាយនៅតំបន់ជុំវិញនៃប្រទេសកម្ពុជា។ ការបញ្ជូនក្រុមអ្នកជំនាញចិនមកកម្ពុជានេះធ្វើឡើងបន្ទាប់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិននេះ

បានចុះហត្ថលេខាអនុស្សរណៈយោគយល់ក្នុងកិច្ចសហប្រតិបត្តិការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដោយយកទឹកពីទន្លេមេគង្គមកចែកចាយនៅតំបន់ជុំវិញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីរួមខេត្តបាត់ដំបងរួចមក។ ក្នុងរបាយការណ៍របស់លោក តូនី វង់(Tony Wong) អនុប្រធានក្រុមហ៊ុនសាជីវកម្ម CCECC នៃប្រទេសចិនដែលបង្ហាញក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បញ្ជាក់ថា ការងារនេះ កំពុងមានដំណើរការទៅមុខ ដោយបានរៀបចំឯកសាររួចរាល់ ត្រៀមនឹងដាក់ឆ្លងការអនុម័តពីថ្នាក់លើរបស់ចិន ហើយអ្នកបច្ចេកទេស

និងជំនាញការរបស់ចិននឹងមកដល់ម្ពុជា នៅចុងខែមេសានេះ។លោក តូនី វង់ បន្តថា ក្នុងនោះ ដំណើរការនៃការរៀបចំនូវឧបករណ៍សម្ភារ:សម្រាប់នាំចូលមកកម្ពុជា បម្រើឲ្យការងារស្នូលនឹងត្រូវអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់។ បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ចម ប្រសិទ្ធ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះល្បឿនការងារ ដែលតាមការបញ្ជាក់របស់ភាគីចិននឹងត្រូវបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភាខាងមុខនេះផងដែរ។ ឯកឧត្តមមានជំនឿថា ភាគីចិននឹងខិតខំសម្រេចនូវគម្រោងដ៏មានសារ:សំខាន់នេះ រួមជាមួយភាគីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅភាគខាងកើតនៃប្រទេស ជាពិសេស នៅតំបន់ដែលធ្លាប់ទទួលរងនូវការទម្លាក់គ្រាប់បែក និងការរោយម្សៅព័ណ៌ទឹកក្រូចដើម្បីជម្រុះស្លឹកឈើ
ក្នុងសម័យសង្គ្រាមឥណ្ឌូចិននិងសហរដ្ឋអាមេរិក ទស្សវត្សន៍ឆ្នាំ៦៩-៧០ ទទួលបានទឹកស្អាតប្រើប្រាស់ ដោយយកប្រភពទឹកពីអាងទន្លេមគង្គ ។ ឯកឧត្តម ចម ប្រសិទ្ធិ មានប្រសាសន៍ថា បើយើងអនុវត្តបាននូវគម្រោងដ៏ធំនេះ ចាត់ទុកថាយើងបានរំដោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៧ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងស្រុកស្នួលខេត្តក្រចេះ ជាដើម រួចផុតពីការប្រើប្រាស់ប្រភពទឹកក្រោមដី ឬទឹកស្រះ បឹង បួរ ដែលសម្បូរណ៍ដោយជាតិពុលគីមី និងមេរោគផ្សេងៗបន្សល់ពីសម័យសង្គ្រាមនិងសកម្មភាពមនុស្សនាពេល
បច្ចុប្បន្ន។
ឯកឧត្តម បន្តថា ពីព្រោះយើងដឹងហើយថា ជាតិពុលគីមីសល់ពីសម័យសង្គ្រាម ហើយរស់នៅក្នុងទឹក នឹងធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស សត្វ ខ្លាំងណាស់ ជាពិសេសលើស្ត្រីមានផ្ទៃពោះ ធ្វើឲ្យទារកកើតមក មានភាពខុសប្រក្រតី ដែលជាបន្ទុករបស់សង្គមមួយផងដែរ»៕
ដោយ៖គឹម យុត្ថារ៉ូ