សម្ដេច ស ខេង៖ ដំណើរការសាងសង់អគារថ្មី នៃក្រសួងមហាផ្ទៃ មកដល់ពេលនេះ សម្រេចបាន ៨០% ហើយ
ភ្នំពេញ៖ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងក្រុមអ្នកជំនាញកំពុងសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះគណៈកម្មការ ដឹកនាំការងារសាងសង់អគារ ទីស្ដីក្រសួងមហាផ្ទៃថ្មី និងបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយមានការប្រុងប្រយ័ត្ន និងការពារសុវត្ថិភាព ដោយសម្រេចបានបេសសកម្ម ដ៏ឧត្តុងឧត្តមរបស់ខ្លួន ក្នុងការសាងសង់អគារនេះ។

សម្ដេច ស ខេង បន្តថា ក្រោយដំណើរការសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី អស់រយៈពេលជាច្រើនថ្ងៃខែមក មិនមានជួបបញ្ហាគ្រោះថ្នាក់ និងមានភាពរលូន ។ ចំណុចនេះ សម្ដេច ស ខេង ចាត់ទុកថា ជាប្រផ្នូលល្អមួយ សម្រាប់អ្នកបម្រើការងារទាំងអស់ ក្នុងអគារនេះផងដែរសម្រាប់ពេលខាងមុខ។ សម្ដេច បញ្ជាក់ថា មកដល់ពេលនេះ សាងសង់បាន ៨០% បើប្រៀបធៀបជាមួយនឹងកិច្ចសន្យា ។ ទន្ទឹមនឹងនោះ គុណភាពសំណង់ក៏ល្អ ទោះបីសាងសង់លឿនក៏ដោយ ប៉ុន្ដែគុណភាពសំណង់រឹងមាំ ដោយមានការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ ហើយជាពិសេសសុវត្ថិភាពជាចំបង ទៅដល់កម្មករទាំងអស់។

សូមរំលឹកថា អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ ត្រូវបានសាងសង់ឡើងនៅទីតាំងចាស់។ ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រ នៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការ បែបសម័យទំនើបថ្មី ៕




ដោយ-រ៉ាវុធ