លោក ពូទីន ប្រាប់ប្រមុខការពារជាតិចិនថា ការធ្វើសមយុទ្ធរួមគ្នានឹងជួយពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងទំនុកចិត្តរវាងរុស្ស៊ី-ចិន
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសចិន គឺជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការ ដែលជួយពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងទំនុកចិត្តរវាងប្រទេសទាំងពីរ។

ថ្លែងទៅកាន់រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ៊្វូ ដែលបានមកបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកសរសើរទំនាក់ទំនងទ្វេភាគីរវាងចិន និងរុស្ស៊ីថា មានភាពប្រសើរឡើងយ៉ាងខ្លាំងលើគ្រប់វិស័យទាំងអស់។ ចំណែកលោក លី បានបញ្ជាក់យ៉ាងដូច្នេះថា យើងមានទំនាក់ទំនងដ៏រឹងមាំ ហើយថា ទំនាក់ទំនងរុស្ស៊ី និងចិនបានឈនចូលដល់សករាជថ្មីហើយ។
លោក លី បន្ថែមថា នេះគឺជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់ខ្ញុំ ចាប់តាំងពីចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន។ ខ្ញុំបានជ្រើសរើសរុស្ស៊ីជាពិសេសសម្រាប់ការធ្វើទស្សនកិច្ចនៅបរទេសលើកដំបូង ដើម្បីបញ្ជាក់ពីលក្ខណៈពិសេស និងសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគីរបស់ពួកយើង។

ជាការឆ្លើយតប លោក ពូទីន បាននិយាយថា ពួកយើងក៏កំពុងធ្វើការយ៉ាងសកម្ម តាមរយៈនាយកដ្ឋានយោធា, ការផ្លាស់ប្តូរព័ត៌មានដែលមានប្រយោជន៍ជាទៀងទាត់ និងការសហការគ្នាលើវិស័យកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា ហើយថា ការធ្វើសមយុទ្ធរួមគ្នាគឺជារឿងសំខាន់ ដែលជួយពង្រឹងទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ នៅក្នុងទំនាក់ទំនងរបស់រុស្ស៊ី និងចិនដោយគ្មានការសង្ស័យ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិចិនមកកាន់ប្រទេសរុស្ស៊ី ដែលនឹងអូសបន្លាយរហូតដល់ថ្ងៃទី១៩ ខែមេសាខាងមុខនេះ បានកើតមានឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងមូស្គូរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែមុន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា