អូស្ត្រាលីចង់លើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាម និងហ្វីលីពីន
ម៉ានីល៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី លោក Don Farrell ចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងហ្វីលីពីន នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី លោក Don Farrell មានគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការពង្រឹង និងធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួននៅទូទាំងតំបន់។ អូស្ត្រាលី និងវៀតណាម គឺជាដៃគូ និងមិត្តដ៏រឹងមាំ ដោយឆ្នាំនេះជាខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

នៅប្រទេសវៀតណាម លោក Farrell គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមផ្សេងទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងផលប្រយោជន៍ក្នុងតំបន់។ ខណៈនៅក្នុងទីក្រុងហាណូយ លោក Farrell នឹងធ្វើជាសហម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំភាពជាដៃគូសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមួយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម ព្រមទាំងជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនាពេលខាងមុខ។
ក្រោយចាកចេញពីវៀតណាម លោក Don Farrell នឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីពិភាក្សាអំពីមហិច្ឆិតាក្នុងការលើកកំពស់ទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅក្នុងតំបន់របស់យើង វៀតណាម និងហ្វីលីពីនគឺជាទីផ្សារដែលកំពុងរីកចម្រើនកំពូល សម្រាប់ដំណើរទស្សនកិច្ចអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលី ហើយយើងសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់យើងជាមួយប្រទេសទាំងពីរ នឹងមានការរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀត៕ ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា