ពលករខ្មែរនៅ កូរ៉េ អាចផ្ញើប្រាក់ដល់គ្រួសារជាមធ្យម ១ពាន់ដុល្លារ ក្នុង១ខែ និងអាចរក ប្រាក់ចំណូលជូនជាតិជិត ៦០០លានដុល្លាររៀងរាល់ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា៖
ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ពួកគេអាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ។ កត្តានេះបានបង្ហាញថា ពលករខ្មែរនៅទីនោះ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា ការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម អ៉ិត សំហេង បែបនេះធ្វើឡើង ខណៈពេលអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ។ពិធីនេះដែរមានការចូលរួមពីបងប្អូនពលករខ្មែរ និស្សិតខ្មែរ អង្គទូត និងភាគីកូរ៉េ សរុបប្រមាណ ៥ពាន់នាក់។

ក្នុងពិធីនេះឯកឧត្តម អ៉ិត សំហេង បានបង្ហាញនូវក្តីរំភើប ដែលបានឃើញវត្តមានចូលរួមយ៉ាងច្រើនកុះកររបស់បងប្អូនខ្មែរ ទាំងអស់មកពីគ្រប់តំបន់ មានចម្ងាយឆ្ងាយរាប់រយគីឡូ និងចំណាយពេលច្រើនម៉ោងដើម្បីចូលរួមកម្មវិធីមហាសង្កា្រន្តនេះ ជាពិសេសក៏មានវត្តមានរបស់លោក គីម ដុងគិន អភិបាលក្រុងអឺយចុងប៊ូ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា៖ «បន្ទាប់ពីបញ្ចប់អាណត្តិការងាររបស់ខ្លួន ក្មួយៗជាពលករនឹងទទួលជំនាញ វិន័យ ចំណេះដឹង ធនធាន និងបទពិសោធន៍ ដើម្បីយកទៅអនុវត្តនៅប្រទេសយើង មិនតែប៉ុណ្ណោះ ក្មួយៗ ក៏ជាស្ពានសម្រាប់ការទាក់ទាញវិនិយោគដោយផ្ទាល់របស់កូរ៉េ ដែលពួកគេតែងតែកោតសរសើរ និងសង្កេតឃើញថា ពលករកម្ពុជាតែងតែគោរពវិន័យការងារបានត្រឹមត្រូវ និងមានឥរិយាបថល្អអំឡុងពេលបម្រើការងារ»។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានកសាងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានភាពរីកចម្រើន ជាពិសេសក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីចុងឆ្នាំ២០២២ថ្មីៗនេះ សម្តេចតេជោ ក៏បានជួបប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាការងារ និងពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត ។

ចាប់តាំងពីឆ្នាំ២០០០ ឯកឧត្តម អ៉ិត សំហេង បានមកទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដើម្បីចចារជាមួយក្រសួងមុខរបរ និងការងារ និងស្ថាប័នពាក់ព័ន្ធកូរ៉េ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេសការទទួលយកពលករកម្ពុជា ដោយចាប់ផ្តើមពីការអនុវត្តប្រព័ន្ធបណ្តុះបណ្តាលជំនាញ និងបន្ទាប់មកប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) នៅឆ្នាំ២០០៧ ដែលបានផ្តល់បរិយាកាសការងារកាន់តែល្អប្រសើរ និងការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនប្រកបដោយសុក្រឹតភាព តម្លាភាព និងសុវត្ថិភាព៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner